Post News Media ព័ត៌មានជាតិ សង្ស័យស្រវឹង ...

សង្ស័យស្រវឹង បើករថយន្តលឿនពេករេចង្កូតទៅបុកស្លាកសញ្ញាប្រាប់ផ្លូវ បោកផ្ទប់ជាមួយបង្គោលភ្លើងបណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: បុរសម្នាក់បើករថយន្តទំនងជាស្រវឹងស្រា ធ្វើដំណើរក្នុងល្បឿនលឿនជ្រុលបួងចង្កូតទៅបុករបងផ្ទះគេ និងជ្រុលទៅបុកបង្គោលស្លាកសញ្ញាបង្ហាញផ្លូវបណ្តាលឲ្យរងការខូចខាតបាក់បង្គោលអស់មួយដើមចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ២០១៨​ នៅចំណុចមុខសាលាបឋមសិក្សាបឹកកេងកង​ តាមបណ្តោយផ្លូវលេខ៣៦០​ ស្ថិតក្នុងសង្កាត់បឹកកេងកងទី១​ ខណ្ឌចំការមន ​រាជធានីភំ្នពេញ​។ ​

ប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា​ នៅមុនពេលកើតហេតុ ​គេបានឃើញរថយន្ត ម៉ាកស្តារិច​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 2AG-0925 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៦០ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុក៏រេចង្កូតទៅបុករបងផ្ទះគេ រួចជ្រុលទៅបុកបង្គោលស្លាកសញ្ញាបង្ហាញផ្លូវបន្ថយល្បឿន បណ្តាលឲ្យបាក់អស់មួយដើមនឹងបោកផ្ទប់ជាមួយបង្គោលភ្លើងធំតែសំណាងល្អមិនរងការខូចខាតបង្គោលភ្លើង។ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំតែមិនមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍​ ចុះមកធ្វើការវាស់វែង និងស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕

Loading...