ព័ត៌មានជាតិ

នៅតែ២ថ្ងៃទៀតភ្ជាប់ពាក្យ ត្រូវរថយន្តយីឌុបបុក ស្លាប់៣នាក់ឪពុកកូននិងក្មួយយ៉ាងរន្ធត់!..

ភ្នំពេញៈ នារីវ័យក្មេងម្នាក់នៅសល់តែ២ថ្ងៃទៀតដល់ថ្ងៃភ្ជាប់ពាក្យ ត្រូវបានរថយន្តយីឌុបបុកកិនបែកក្បាលស្លាប់ភ្លាមៗជាមួយឪពុកនិងក្មួយស្រីអាយុ៥ឆ្នាំម្នាក់ទៀតសរុប៣នាក់យ៉ាងអាណោចអាធ័ម បន្ទាប់ពីបុកម៉ូតូជនរងគ្រោះស្លាប់ទាំង៣នាក់ហើយ រថយន្តបង្កបានបន្ថែមល្បឿនរត់គេចប្រហែល១គីឡូម៉ែត្រ ត្រូវសមត្ថកិច្ចដេញចាប់បានតែម្តង។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១នឹង៥នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ទល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចឱ្យដឹងថា រថយន្តបង្ករម៉ាកMITSUBISHI ពណ៌ស្លាទុំ ពាក់ស្លាកលេខ ចង្កូតស្តាំ PP 2260 បើកបរដោយ យុវជនម្នាក់ ឈ្មោះ ខូវ ខែ អាយុ២៨ឆ្នាំ មានទីលំនៅភូមិពោធិព័ទ្ធ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។

រីឯជនរងគ្រោះទាំង៣នាក់ ទី១ ឈ្មោះម៉ាត់ សារី ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ ត្រូវជាឪពុក និងជាអ្នកបើកម៉ូតូ។ ទី២ ឈ្មោះ ម៉ាត់ សារីណា ភេទស្រី ២០ឆ្នាំ ជាកម្មកររោងចក្រ ជនជាតិខ្មែរឥស្លាម ត្រូវជាកូន និងទី៣ឈ្មោះ សេត រ៉ូសីកា ភេទស្រី អាយុ៥ឆ្នាំ ត្រូវជាចៅអ្នកបើកម៉ូតូ ទាំង៣នាក់រស់នៅផ្ទះ លេខ១០៦៣និងផ្ទះលេខ១០៥៧ក្រុម៥ភូមិ២ សង្កាត់កើតហេតុខាងលើ។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះជាឪពុក បានជិះម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DE 0752 ឌុបចៅស្រីអាយុ៥ឆ្នាំទៅយកកូនស្រីដែលជិតភ្ជាប់ពាក្យដែលធ្វើការរោងចក្រកាត់ដេរនៅសង្កាត់ស្វាយប៉ាក ខណៈដែលត្រឡប់មកវិញជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៥ទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុរថយន្តបានកៀរម៉ូតូកិនស្លាប់ភ្លាមៗទាំង៣នាក់តែម្តង។

ពេលដឹងថាកិនមនុស្សស្លាប់ហើយ រថយន្តបង្កបានបន្ថែមល្បឿនរត់ទៅមុខយ៉ាងលឿនតែត្រូវសមត្ថកិច្ចដេញចាប់បានទាំងអ្នកបើកបរនិងរថយន្ត ។

ក្រោយកើតហេតុរថយន្តបង្កនិងអ្នកបើកបរត្រូវបានសមត្ថកិច្ចយកទៅការិយាល័យចរាចរជើងគោក ដើម្បីទុកដោះស្រាយគ្នាជាក្រោយ។ ចំណែកសពជនរងគ្រោះទាំង៣នាក់ សមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន៕

https://www.youtube.com/watch?v=VNQ5nlgkH9k

មតិយោបល់