ភ្នំពេញៈ បុរសម្នាក់ផឹកស្រវឹងរហូតដល់គ្រប់គ្រងខ្លួនឯងលែងបាន ទីបំផុតជិះម៉ូតូដួលម្នាក់ឯងបែកមុខមាត់ សន្លប់ស្តឹង។
ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវលំ ចូលក្រុមហ៊ុនផែស្ងួត អូរលែ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះ ត្រូវបានមិត្តភក្តិ ប្រាប់ឲ្យដឹងថា ឈ្មោះ គង់ សុវណ្ណារ័ត្ន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានទីលំនៅភូមិ ផ្សារតូច សង្លាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ជនរងគ្រោះ ជិះម៉ូតូមួយគ្រឿង ម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BY-1272 ។
តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះផឹកស៊ី ស្រវឹងស្រាជោគជាំ ហើយទាញម៉ូតូជិះ ទៅឌុបមិត្តភ័ក្រ មកចូលរួមផឹកស៊ីបន្ត លុះជិះម៉ូតូចេញពីផ្លូវជាតិលេខ៤ ចូលផ្លូវលំ ផែស្ងួតអូរលែ ស្រាប់តែ ដួលផីងម្នាក់ឯង ដោយសារអំណាចនៃជាតិស្រវឹង គ្រប់គ្រងដៃចង្កូតម៉ូតូលែងបាន ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋហៅរថយន្តសង្រ្គោះ របស់អង្គភាព៧១១ ដឹកបញ្ជូនទៅសង្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ៕
មតិយោបល់