ភ្នំពេញៈ លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានថ្លែងថា នៅល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះលោក ងិន ពេជ្រ តំណាងអយ្យការមិនទាន់បានសម្រេចចោទប្រកាន់និស្សិតជាជនដៃដល់ ដែលបានចាក់សម្លាប់ស្ត្រីជាយោធាស័ក្តិ៣ជាច្រើនកាំបិត នៅខណ្ឌទួលគោកនៅឡើយទេ។
ជនសង្ស័យឈ្មោះ មី គីមហេង ហៅឧត្តម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ជានិសិត្ស ស្នាក់នៅផ្ទះលេខ៣២Eo ផ្លូវលេខ១៦២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះឈ្មោះ លី ដាវី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរ ជាមន្ត្រីស្ត្រីជាយោធាស័ក្តិ៣ នៃក្រសួងការពារជាតិ។
គួររំឮកថា ហេតុការណ៍ការចាក់សម្លាប់ជនរងគ្រោះខាងលើបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលេខ២១៩ កែង១៦៥ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។
ជនសង្ស័យត្រូវបានសមត្តកិច្ចចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ នៅផ្ទះជនសង្ស័យដែលរស់នៅក្បែរទីតាំងកើងហេតុ ដោយវត្ថុតាងដកហូតម៉ូតូមួយគ្រឿងម៉ាក គ្លីកពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BN-5664 ដែលជនសង្ស័យជិះធ្វើសកម្មភាព។
បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីឃាតកម្មនេះ គឺផ្តើមចេញពីជម្លោះកាលពីជាង២ឆ្នាំមុន ដែលជនរងគ្រោះបានស្តោះទឹកមាត់ដាក់ជនសង្ស័យ ទើបជនសង្ស័យមានកំហឹងរហូតមកដល់ថ្ងៃកើតហេតុទើបជនសង្ស័យឈានដល់ការចាក់សម្លាប់ជនរងគ្រោះតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្តកិច្ចខណ្ឌទួលគោកនាំយកទៅកាន់អធិការដ្ឋានខណ្ឌវិញ ដើម្បីរង់ចាំចាត់ការបន្តនីតិវិធីនៅព្រឹកស្អែក៕
https://youtu.be/tjyarnKNMCs
https://youtu.be/joOi26IbjNA
មតិយោបល់