មណ្ឌលគិរីៈ ថ្លែងនៅក្នុងបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីលិខិតបទដ្ឋានគតិយុត្តថ្មីៗ ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល នៅសាលប្រជុំក្រុមប្រឹក្សាសាលាខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០១៦នេះ ដែលមានការចូលរួមពីសំណាក់លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ចឹង សុចន្ថា អភិបាលរងខេត្តមណ្ឌលគិរី និងលោក លោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រីប្រធាន អនុប្រធានការិយាល័យនៅក្នុងសាលាខេត្តមណ្ឌលគិរី លោក ជុក មុន្នី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈបានមានប្រសាសន៍ថា កាលពីមិនទាន់ធ្វើសមាហរណកម្មមានតែប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តមានមុខងារជាឧត្តមមន្រ្តី ប៉ុន្តែបច្ចុប្បន្ននេះ មន្រ្តីដែលមិនមានតួនាទី នឹងអាចបានឡើងមុខងារជាឧត្តមមន្រ្តីថ្នាក់លេខ១ មុនពេលចូលសោធននិវត្តន៍ បើសិនមន្រ្តីនោះ សកម្មនឹងការងារ មានសម្ថភាព និងគោរពវិន័យម៉ោងការងាររដ្ឋបាលរបស់ខ្លួនបានល្អ។
លោកបានបន្តថា ទាំងនេះ គឺជាការកែទម្រង់ថ្មីរបស់រដ្ឋាភិបាលឲ្យតែមានអតីភាពការងាររយៈពេល១៧ឆ្នាំឡើងទៅមន្រ្តីនោះ នឹងឡើងទៅជាឧត្តមមន្រ្តីថ្នាក់លេខ៦ដោយស្វ័យប្រវត្តិតែម្តង។
លោកបានបន្តទៀតថា ជាគោលការណ៍របស់រាជរដ្ឋាភិបាលនៅក្នុងឆ្នាំ២០១៧ ការតម្លើងប្រាក់បៀវត្សរ៍ មន្រ្តីរាជការដែលមានប្រាក់បៀវត្សរ៍ខ្ពស់ត្រូវបានឡើងចំនួន៤ម៉ឺនរៀល ចំណែកមន្រ្តីរាជការដែលមានប្រាក់បៀវត្សរ៍តិចត្រូវបានតម្លើងដល់ទៅ១០ម៉ឺនរៀល។
ក្នុងឱកាសនោះដែរលោក ចឹង សុចន្ថា អភិបាលរង បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយនូវលិខិតបទដ្ឋាន គតិយុត្តថ្មីៗ ដែលពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលនៅរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលបំណង ដើម្បីពង្រឹងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលឲ្យមានគុណភាព ប្រសិទ្ធភាព តម្លាភាព ស្របទៅតាមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល។
លោកបានបន្តទៀតថា ការធ្វើបទបង្ហាញរបស់តំណាងក្រសួងមុខងារសាធារណៈពាក់ព័ន្ធទៅនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធថ្មីៗ ទាក់ទងទៅនឹងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល ជូនដល់ លោក លោកស្រីទាំងអស់បានសិក្សាស្វែងយល់ និងយល់ដឹងសម្រាប់លោកអ្នកយកទៅអនុវត្តន៍ និងផ្សព្វផ្សាយបន្ត ដូច្នេះត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីទទួលយកបទពិសោធន៍នេះ ពង្រឹងសមត្ថភាពខ្លួនឲ្យមានការរីកចម្រើនបន្ថែមទៀតផងដែរ៕
មតិយោបល់