បញ្ហាសក់ជ្រុះកំពុងតែប្រឈមយ៉ាងខ្លាំងទាំងបុរសទាំងស្ត្រី ហើយអ្នកខ្លះនៅវ័យក្មេងសោះតែសក់ជ្រុះស្ទើរអស់ពីក្បាលទៅហើយ។ នេះជាមូលហេតុដែលធ្វើឲ្យពួកគេខំរកវិធីគ្រប់យ៉ាង ព្រមទាំងទិញផលិតផលថ្លៃៗមកប្រើប្រាស់ ប៉ុន្តែមិនសូវទទួលបានលទ្ធផលដូចបំណងឡើយ។
ដូច្នេះ អ្នកអាចប្តូរមកប្រើប្រាស់រូបមន្តធម្មជាតិនេះវិញ វាមិនត្រឹមតែជួយឲ្យសក់ឆាប់ដុះមកវិញលឿនប៉ុណ្ណោះទេ ថែមទាំងមិនប៉ះពាល់ដល់សុខភាពថែមទៀត។
របស់៣មុខដែលអ្នកត្រូវការ៖
- ស៊ុតលឿង ១គ្រាប់
- ទឹកឃ្មុំ ១ស្លាប
- ប្រេងល្ហុងខ្ញែ (castor oil) ២ស្លាបព្រា
ការអនុវត្ត៖
- លាយរបស់ទាំង៣មុខនេះបញ្ចូលគ្នាឲ្យសព្វល្អ រួចលាបនៅលើស្បែកក្បាលទាំងចុង និងគល់សក់ ដោយម៉ាស្សាថ្នមៗ។
- ក្រោយមកយកថង់ (ថង់សម្រាប់គ្រប់សក់ពេលងូតទឹក) មកគ្រប់ឲ្យជិត ទុកចោល៣ម៉ោង ទើបលាងសម្អាតចេញ។
- ព្យាយាមអនុវត្តរូបមន្តមួយនេះពីរដងក្នុងមួយសប្តាហ៍ ក្នុងរយៈពេល២ខែអ្នកនឹងឃើញលទ្ធផល។
អត្ថប្រយោជន៍នៃវត្ថុធាតុដើមធម្មជាតិទាំង៣មុខ៖
ប្រេងល្ហុងខ្ញែ៖ ជាឱសថធម្មជាតិដ៏ល្អសម្រាប់ព្យាបាលបញ្ហាជ្រុះសក់ ព្រោះវាអាចកម្ចាត់បាក់តេរីផ្សិត, ប្រឆាំងនឹងការកើតអង្គែ និងការឆ្លងមេរោគ។ អាស៊ីត ricinoleic នៅក្នុងប្រេងល្ហុងខ្ញែ អាចរំញោចដល់លំហូរឈាមទៅកាន់ស្បែកក្បាល ដូច្នេះវាអាចលើកកម្ពស់ដល់ការលូតលាស់នៃសក់ ធ្វើឲ្យសក់មានសុខភាពល្អឡើងវិញ។ បើយោងតាមការស្រាវជ្រា ប្រេងល្ហុងខ្ញែ អាចជំរុញដល់ការលូតលាស់នៃសក់រហូតដល់ ៣ ទៅ ៥ ដង។
ស៊ុតលឿង៖ សម្បូរទៅដោយអាស៊ីតអាមីណូ និងប្រូតេអ៊ីន ដែលអាចជួយជំរុញឲ្យសក់ដុះលឿនបំផុត និងមានសុភាពល្អ។
ទឹកឃ្មុំ៖ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងទឹកឃ្មុំ អាចជួយប្រឆាំងនឹងមេរោគផ្សិត ព្រមទាំងការពារមិនឲ្យជ្រុះសក់។ មិនតែប៉ុណ្ណោះក្រមួនឃ្មុំ អាចធ្វើឲ្យស្បែកក្បាលមានភាពត្រជាក់ល្អ៕
មតិយោបល់