ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា អនុវត្តវិធានការសំខាន់ៗ៤ ដើម្បីសម្រេចគោលដៅទេសចរណ៍ និងទទួលទេសចរចិន

ភ្នំពេញៈ ឆ្លងតាមការវាយតម្លៃ និងការបញ្ជាក់ស្តង់ដារបស់កម្ពុជា សម្រាប់សេវាកម្មទេសចរណ៍ ២០១២-២០២០ នៅថ្ងៃនេះ វានឹងក្លាយជាមូលដ្ឋានថ្មីមួយទៀត ក្នុងការជួយតម្រង់ទិសសម្រាប់ការអនុវត្តផែនការសកម្មភាព និងវិធានការចាំបាច់នានា ជាយុទ្ធសាស្រ្តដ៏មានសារៈសំខាន់ ក្នុងន័យរៀបចំកែសម្រួលធុរកិច្ចរបស់ផ្នែកឯកជន និងកែទម្រង់ឧស្សាហកម្មទេសចរណ៍កម្ពុជា ឲ្យមានលក្ខណៈគ្រប់គ្រាន់ក្នុងការទាក់ទាញ និងទទួលភ្ញៀវទេសចរចិន ដោយផ្តោតលើផែនការយុទ្ធសាស្រ្តចំនួន៤។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបង្ហាញថា យុទ្ធសាស្រ្តសំខាន់ៗទាំងនោះ រួមមាន ទី១ ការពង្រឹងសេវាកម្មពេលមកដល់ (Arrival Service) តាមរយៈការសម្រួលទិដ្ឋាការមកកាន់កម្ពុជា ការសម្រួលការមកដល់របស់ទេសចរចិន នៅតាមព្រលានយន្តហោះ ការដាក់ផ្លាកសញ្ញាជាភាសាចិន នៅតាមច្រកទ្វារអន្តរជាតិ និងការបណ្តុះបណ្តាលភាសា និងវប្បធម៌ចិន ដល់នគរបាលអន្តោប្រវេសន៍ មគ្គុទ្ទេសក៏ទេសចរណ៍ អ្នកបម្រើលើយន្តហោះ និងប្រតិបត្តិករទេសចរណ៍ សម្រាប់ទីផ្សារទេសចរណ៍ចិន។ល។ ទី២ ការសហការជាមួយភាគីពាក់ព័ន្ធ តាមរយៈការផ្សព្វផ្សាយផ្ទៃក្នុង អំពីអត្ថប្រយោជន៍នៃទីផ្សារចិន ការលើកទឹកចិត្តដល់ការប្រើប្រាស់ភាសាចិន ការជំរុញការបង្កើត Branding សម្រាប់ទីក្រុង ឬគោលដៅទេសចរណ៍សំខាន់ៗ របស់កម្ពុជា ការបង្កើតមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ ការសម្របសម្រួលមធ្យោបាយទូទាត់ប្រាក់ Yuan សម្រាប់ប្រតិបត្តិការទូទាត់នានា នៅក្នុងឧស្សាហកម្មទេសចរណ៍ ការលើកកម្ពស់សេវាកម្មក្នុងផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ការតភ្ជាប់ការហោះហើររវាងចិន-កម្ពុជា ការវិនិយោគ និងការអភិវឌ្ឍផលិតផលទេសចរណ៍ សម្រាប់ទេសចរចិន ការវិនិយោគចិនក្នុងវិស័យទេសចរណ៍កម្ពុជា ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានសម្រាប់គម្រោងសាងសង់ទេសចរណ៍ និងការផ្តល់ហិរញ្ញ-ប្បទានដល់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍។ ទី៣ ការពង្រឹងឧស្សាហកម្មទេសចរណ៍ តាមរយៈការបង្កើតស្តង់ដារត្រៀមទទួលទេសចរចិន ប្រព័ន្ធវាយតម្លៃបញ្ជាក់គុណភាព (China Ready Accreditation System) ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ត្រៀមទទួលទេសចរចិន ការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចសម្រាប់ទីផ្សារទេសចរណ៍ចិន ការពង្រឹងជំនាញភាសាចិន ដល់អ្នកផ្គត់ផ្គង់សេវាកម្មក្នុងឧស្សាហកម្មទេសចរណ៍ ការពង្រឹងការគ្រប់គ្រងការីទេសចរណ៍ និងការរៀបចំសិក្ខាសាលាជាប្រចាំអំពីនិន្នាការ និងបច្ចុប្បន្នភាព China Ready។ ចំណែកទី៤ គឺយន្តការគាំទ្រ សំដៅដល់ការបង្កើតមជ្ឈមណ្ឌលទ្រទ្រង់ “China Ready” សម្រាប់ទេសចរណ៍កម្ពុជា និងការបង្កើតក្រុមការងារអន្តរស្ថាប័ន សម្រាប់អនុវត្តផែនការសកម្មភាពរបស់សៀវភៅស ស្តីពី China Ready សម្រាប់ទេសចរណ៍កម្ពុជា។

តាមរយៈផែនការដ៏មានសារៈប្រយោជន៍ខាងលើ លោករដ្ឋមន្រ្តីសង្ឃឹមថា លទ្ធផលនៃអង្គសិក្ខាសាលានាពេលនេះ នឹងជួយជំរុញឲ្យការអនុវត្តសៀវភៅស ស្តីពី China Ready សម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជា កាន់តែមានប្រសិទ្ធិភាព និងគ្រប់ជ្រុងជ្រោយ។

សូមបញ្ជាក់ថា សិក្ខាសាលាថ្នាក់ជាតិលើកទី១នេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរស្ថាប័នរដ្ឋ វិស័យឯកជនដែលពាក់ព័ន្ធលើវិស័យទេសចរណ៍ អ្នកធុរកិច្ច អ្នកទេសចរណ៍ចិនជាង៤០០នាក់ ព្រមទាំងយុវជនសរុបប្រមាណជាង១ពាន់នាក់ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦៕

មតិយោបល់