ភ្នំពេញៈ កាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី ៤ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតក្នុងទឹកទន្លេសាប សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីប្រទះសពបុរសម្នាក់ អណ្ដែតទឹកទាំងដៃជាប់ខ្នោះ។
សពត្រូវបានគេស្គាល់ឈ្មោះ ថាច់ ភារម្យ អាយុ២១ឆ្នាំ មុខរបរកម្មករខ្សាច់ ស្នាក់នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពី សមត្ថកិច្ចឲ្យដឹងថា កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ច បានដាក់គោលដៅត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចមុខប៉ុស្តិ៍ស្វាយប៉ាក ក៏ប្រទះឃើញបុរសខាងលើជិះម៉ូតូមួយគ្រឿង អត់ផ្លាកលេខ ក៏ឃាត់សួរនាំដោយមានសភាពគួរឱ្យសង្ស័យ សមត្ថកិច្ចក៏ឆែកខ្លួន រកឃើញថ្នាំញៀនមួយកញ្ចប់តូច ពេលនោះក៏បានឃាត់ខ្លួនវាយខ្នោះតែម្ដង។ អំទ្បុងពេលសមត្ថកិច្ចមានការមមាញឹកឃាត់ម៉ូតូជាបន្តបន្ទាប់សង្ស័យក៏ឆ្លៀតឱកាសរត់គេចខ្លួនបាត់។ ភ្លាមៗនោះ សមត្ថកិច្ចបានតាមរករហូតដល់ព្រលប់ តែមិនឃើញឡើយ។ រហូតមកដល់វេលាម៉ោង៧ព្រឹកថ្ងៃទី ៤ខែឆ្នាំដដែល ក៏មានប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្តែតទឹកទាំងដៃជាប់បែបនេះ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកើត ហេតុ រួចរាយការណ៍ប្រាប់ជំនាញ ចុះពិនិត្យ និងដឹកសពយកទៅធ្វើកោសល្យវិច័យ បន្ទាប់មកប្រគល់ឱ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់