កំពង់ធំៈ នៅមុននេះបន្តិចមានអំពើហិង្សាមួយនៅក្នុងគ្រួសារ ដោយបុរសជាឪពុកបានយកពូថៅកាប់ប្រហារទៅលើកូនប្រុសវ័យជំទង់ម្នាក់កំពុងតែដេកក្នុងអង្រឹង បណ្ដាលឲ្យរបួសធ្ងន់ធ្ងរសល់តែដង្ហើមចង្រិត ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៤០នាទីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា ករណីអំពើហិង្សាខាងលើនេះ ត្រូវបានគេដឹងថា មកពីឪពុកខឹងកូនប្រដៅមិនស្ដាប់ ទប់កំហឹងមិនបានក៏ស្ទុះទៅទាយពូថៅកាប់ប្រហារទៅលើកូន ដែលកំពុងដេកលេងក្នុងអង្រឹង ត្រូវចំមាត់ ភ្នែក និងសៀតថ្កា បណ្ដាលឲ្យរបួសធ្ងនធ្ងរនៅសល់តែដង្ហើមចង្រិត។
សេចក្តីរាយការណ៍បានបន្តថា ឪពុកមានឈ្មោះ ហេង គួន អាយុជាង៤០ឆ្នាំ ចំណែកកូនប្រុសឈ្មោះ ហេង គី អាយុ២០ឆ្នាំ អ្នកទាំងពីររស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។
នៅក្នុងហេតុការណ៍នោះអ្នកជិតខាងមិនហ៊ានចូលទៅជួយសង្គ្រោះកូនដែលត្រូវឪពុកកាប់នោះទេ ដោយសារតែបុរសជាឪពុកនៅក្បែរនោះ មានកាន់ពូថៅផង និងមានសៀតកាំបិតនៅចង្កេះទៀតផង។ ពេលនេះសមត្ថកិច្ចកំពុងចុះទៅអន្តរាគមន៍ ដើម្បីយកជនរងគ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខណៈនេះសមត្ថកិច្ចបានចាប់ខ្លួនឪពុកទៅកាន់ប៉ុស្តិ៍ហើយ៕
មតិយោបល់