ភ្នំពេញៈ កាលពីយប់មិញមានករណីចោរប្លន់ប្រដាប់ដោយអាវុធខ្លីមួយដើម បានធ្វើសកម្មភាពបាញ់ប្រហារទៅលើជនរងគ្រោះតែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតទេ លុះព្រឹកឡើងនៅវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ដែលស្ថិតនៅមុខហ្គ្រែនភ្នំពេញ ផ្លូវហ្គ្រែនភ្នំពេញ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ត្រូវបានជនរងគ្រោះប្រទះឃើញម៉ូតូរបស់ខ្លួន ហើយបានប្រតាយប្រតបគ្នាបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។
ជនរងគ្រោះមានឈ្មោះ យន់ ឆៃយ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករចាក់សាំងក្រុមហ៊ុនតេលា មានទីលំនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ និងម្នាក់ទៀតឈ្មោះ សាំង ពុយ ភេទប្រុស អាយុ ២១ឆ្នាំ មានមុខរបរដូចគ្នា ស្នាក់នៅភូមិជាមួយគ្នា មានទីលំនៅភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល អ្នកទាំងពីរត្រូវជាបងប្អូនជីដូនមួយ។
ប្រភពពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ជនរងគ្រោះបានជិះម៉ូតូ មួយគ្រឿង ម៉ាក NEX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CO-3698 ដោយជនរងគ្រោះបានជិះម៉ូតូ២នាក់បងប្អូនជីដូនមួយ ដើម្បីទៅទិញថ្នាំឲ្យម្តាយនៅម្តុំផ្សារព្រែកព្នៅ នៅពេលដែលជិះឆ្លងកាត់ស្ពានលីយ៉ុងផាត់ ក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចគល់ស្ពានត្រើយខាងលិចស្ពាន ស្រាប់តែបានជួបនិងក្រុមចោរប្លន់ប្រដាប់ដោយអាវុធខ្លី មួយដើមមានគ្នា៣នាក់ ជិះម៉ូតូ ២គ្រឿងមិនចាំម៉ាកបានបាញ់មួយគ្រាប់មកលើរូបគេទាំង២នាក់ ដែលកំពុងជិះម៉ូតូ តែសំណាងល្អបាញ់មិនត្រូវ រួចមកជនរងគ្រោះមានការភ័យខ្លាចក៏បានរត់ចោលម៉ូតូ ក្រោយមកក្រុមចោរប្លន់ទាំងនោះ បានលើកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថិភាព និងមិនរំខានដល់សមត្ថកិច្ចណាម្នាក់នោះឡើយ។
លុះព្រឹកឡើង ជនរងគ្រោះទាំង ២នាក់បងប្អូនជីដូនមួយបានជិះម៉ូតូ មួយគ្រឿងទៀត បាន ជិះទៅដល់មុខហ្គ្រែនភ្នំពេញ ស្រាប់តែបានឃើញម៉ូតូរបស់ខ្លួននៅកន្លែងប៉ះកង់ ហើយ ជនរងគ្រោះក៏បានឈប់ម៉ូតូ រួចក៏បានដើរទៅមើលម៉ូតូដែលកំពុងប៉ះកង់នោះ ស្លាកលេខម៉ូតូនោះ ត្រូវបានក្រុមចោរប្លន់នោះប្តូរស្លាកលេខថ្មីបាត់ហើយ ដោយដាក់ស្លាកលេខ កំពង់ចាម 1E-5064 ភ្លាមៗនោះស្រាប់តែបានប្រទះឃើញជនសង្ស័យម្នាក់ ដែលកំពុងអង្គុយនៅជិតនោះ រួចមកក៏បានប្រតាយប្រតប់គ្នាបានបន្តិច ពេលនោះជនសង្ស័យខាងលើបានដកកាំភ្លើងខ្លី១ដើម មិនស្គាល់ម៉ាកបានមកភ្ជុងគំរាមទៅលើជនរងគ្រោះ។ ក្រោយមកជនរងគ្រោះ បានរត់ចេញពីកន្លែងប៉ះកង់ម៉ូតូនោះ ហើយបានស្រែកឲ្យគេជួយ ពេលនោះធ្វើឲ្យជនសង្ស័យមានការភ័យខ្លាចបានរត់ចូលព្រៃបឹងក្បែរនោះបាត់តែម្តង។
គួររំលឹកផងដែរថា តាំងពីថ្ងៃមិ្សលមិញមកមានករណីប្លន់ប្រដាប់អាវុធចំនួន ០២លើកហើយ ដោយមិនឃើញមានអាជ្ញាធរសមត្ថកិច្ចណាម្នាក់ចាត់ការនោះឡើយ។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះមកដល់ រួចបានធ្វើការអន្តរាគមន៍ ហើយបាននាំយកជនរងគ្រោះមកប៉ុស្តិ៍នគរបាលស្វាយប៉ាក ដើម្បីសួរនាំ និងពិនិត្យមើលឯកសារ រួចប្រគល់ម៉ូតូឲ្យទៅជនរងគ្រោះវិញ៕
https://youtu.be/nlJ5wmimhYE
https://youtu.be/r_RbT3e7GMY
https://youtu.be/38wTVedIzZk
មតិយោបល់