ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួន ជនជាតិចិន៣នាក់ដែលនាំគ្នា ប៉ងវាយសម្លាប់ស្រ្តីខ្មែរម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ ទីបំផុតទៅ បុរសជនជាតិចិន៣នាក់ ដែលបាននាំគ្នា យកដែកគាស់ថ្នាំអំពៅ ដេញវាយ រថយន្ត និងប៉ុនប៉ងសម្លាប់ស្ត្រីខ្មែរម្នាក់នៅខណ្ឌពោធិ៍សែនជ័យត្រូវបាន លោក ប៊ុន ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជាបណ្តោះអាសន្ន នៅពន្ធនាគាររាជធានីភ្នំពេញ ហើយនៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា ក្រោយពេលបើកការស៊ើបសួរ លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ លើបុរសជាតិចិនទាំង ៣នាក់ ពីបទ ប៉ុនប៉ងឃាតកម្ម យោងតាមមាត្រា២៧ និងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។
យោងតាមសមត្ថកិច្ច ជនត្រូវចោទ ទាំង០៣នាក់៖
-ទី១ ឈ្មោះ ZOU XINAN ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិនកាន់លិខិតឆ្លងដែនលេខ E០៣៤៦១៧៥២ មុខរបរបុគ្គលិករោងចក្រ ទីលំនៅសព្វថ្ងៃភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ -២ឈ្មោះ QIU XINGJIE ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិនកាន់លិខិតឆ្លងដែនលេខ EA៨៣៦១៣១០ មុខរបរទេសចរ ទីលំនៅសព្វថ្ងៃនៅផ្ទះជួល ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
-និងទី៣ឈ្មោះ HU XUEHUA ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិនកាន់លិខិតឆ្លងដែនលេខ E១៩២៤៧៥០៣ មុខរបរទេសចរ ទីលំនៅសព្វថ្ងៃនៅផ្ទះជួល ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំណែកស្រ្តីរងគ្រោះឈ្មោះ ហ.ច.ន ភេទស្រី អាយុ ២៦ឆ្នាំ ទីលំនៅ​ខណ្ឌ៧មករា។

គួររំលឹកថា សមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនត្រូវចោទ ខាងលើកាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ មុខហាងកាហ្វេតេស្ត ផ្លូវវេងស្រេង ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីពួកគេបាននាំគ្នា ជិះរថយន្តម៉ាក មេរីឆ្លាម ទៅស្ទាក់ផ្លូវ និងយកដែកគាស់ថ្នាំងអំពៅ វាយរថយន្តរបស់ស្ត្រីរងគ្រោះមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-1659 ឲ្យខូចខាត និងវាយស្ត្រីរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់៕

មតិយោបល់