ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបម៉ាកBMW ស្លាកលេខ ភ្នំពេញ2AQ-0689 បើកលឿនទៅបុករថយន្តនិងម៉ូតូចំនួន២គ្រឿង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាក BMW មួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿន ទៅបុករថយន្ត និង ម៉ូតូហុងដាសេ១២៥ ចំនួន ២គ្រឿងជាបន្តបន្ទាប់ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់នៅ មុខផ្សារសុវណ្ណា។

ករណីនេះដែរបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងនៅពីវេលាម៉ោង១១និង២៥នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅខាងមុខផ្ទះលេខP-០១ ផ្លូវផ្លាទីនូម មុខផ្សារសុវណ្ណា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបុរសម្នាក់បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ខណ:ពេលដែលរូបគាត់កំពុងតែអង្គុយលេង នៅក្បែរនោះៗ ក៏ស្រាប់តែបានឃើញរថយន្តម៉ាក BMW ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-0689 មួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់កន្លែងកើតហេតុ ក៏ស្រាប់តែរថយន្តស៊េរីទំនើបមួយគ្រឿងនេះបានបើកទៅរថយន្តម៉ាក TACOMA មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2F-5042 និង ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL-0410មួយគ្រឿងទៀត ដែលជិះមកពីមុខ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹកបានចុះមកដល់កន្លែងកើតហេតុ ដោយបានយកបុរសរងគ្រោះទៅធ្វើការព្យាបាលនៅគ្លីនិកមួយកន្លែង និងឲ្យភាគីទាំងអស់ធ្វើការដោះស្រាយ ដោយបុរសជាម្ចាស់រថយន្តម៉ាក BMW សុខចិត្តចេញថ្លៃព្យាបាលទៅដល់បុរសរងគ្រោះ និងយករថយន្តនិង ម៉ូតូទាំង ២គ្រឿងយកទៅធ្វើការជួសជុលឲ្យជាការបញ្ចប់រឿងនៅនឹងកន្លែងផងដែរ៕

មតិយោបល់