កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង ហាក់ទំនងជាបានចាប់ផ្តើមរុះរើផ្នែកមួយ នៃទីតាំងបាញ់បង្ហោះគ្រាប់រ៉ុកកែតដ៏សំខាន់ នៅភាគខាងជើង និងខាងលិចនៃប្រទេស។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨។
រូបភាពផ្កាយរណបនៃស្ថានីយ៍ Sohae ដែលត្រូវបានគេមើលឃើញ ដោយក្រុមឃ្លាំមើល 38 North ដែលមានមូលដ្ឋាននៅអាមេរិក បានបង្ហាញថា កូរ៉េខាងជើង កំពុងគោរពតាមការសន្យាមួយ ដែលខ្លួនបានធ្វើឡើងជាមួយអាមេរិក បន្ទាប់ពីកិច្ចប្រជុំកំពូលរវាប្រទេសទាំងពីរ កាលពីខែមិថុនា។
ដូចធ្លាប់បានដឹងកន្លងមក ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បាននិយាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្តេជ្ញាថា នឹងបំផ្លាញទីតាំងសាកល្បងអាវុធមួយ ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ទេថា ទីតាំងមួយណាទ្បើយ។
យ៉ាងណាមិញក្រុងព្យុងយ៉ាង បានអះអាងថា Sohae គឺជាទីតាំងបង្ហោះផ្កាយរណបមួយរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែមន្ត្រីអាមេរិកបានសង្ស័យថា វាត្រូវបានប្រើដើម្បីសាកល្បងមីស៊ីលផ្លោង។
ក្នុងអំឡុងកិច្ចប្រជុំកំពូលដ៏សំខាន់មួយ រវាងលោក ត្រាំ និងលោក គីម នៅក្នុងប្រទេសសឹង្ហបុរី កាលពីខែមុន មេដឹកនាំទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីធ្វើការឆ្ពោះទៅរកលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ ។
ប៉ុន្តែកិច្ចព្រមព្រៀងនេះ ត្រូវបានគេរិះគន់ផងដែរ ចំពោះការខ្វះខាតព័ត៌មានលម្អិត ស្តីពីពេលណា ឬថាតើក្រុងព្យុងយ៉ាង នឹងធ្វើការរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួននោះ៕
មតិយោបល់