ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយស្តារិច បើកគេចពីរថយន្តគេ ឡើងលើសួនចែកទ្រូវផ្លូវបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើម

ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តមួយគ្រឿងក្នុងល្បឿនលឿនបានគេចពីរថយន្តក្រឡុកស៊ីម៉ង់ត៍នៅខាងមុខ រេចង្កូតឡើងលើសួនចែកទ្រូវផ្លូវបុកបង្គោលភ្លើងបាក់អស់មួយដើមរថយន្តបង្កវិលមួយជុំក្បាលត្រឡប់ក្រោយវិញទៅមុខលេងរួចសំណាងល្អម្ចាស់រងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវចូលវត្តឃ្មួញ តាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុ គេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយស្តារិច ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ធ្វើដំណើរទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុខាងលើបានគេចពីរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងបើកនៅខាងមុខមកខាងឆ្វេងដៃឡើងទៅលើសួនចែកទ្រូងផ្លូវជ្រុលទៅបុក បង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើម រថយន្តបង្កវិលមួយជុំក្បាលត្រឡប់ក្រោយវិញទៅមុខលែងរួច។ តែសំណាងល្អម្ចាស់រងរបួសស្រាល។ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខខាងស្តាំយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់