ព័ត៌មានជាតិ

Update៖ មុខសញ្ញាជនសង័្សយក្នុងករណីហិង្សា បណ្តាលឲ្យជនរងគ្រោះស្លាប់ម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន៣នាក់ ក្នុងចំណោមបក្ខពួកផ្សេងទៀត

បាត់ដំបងៈ កាលពីថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ អនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួល លើនីតិវិធី ពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ បានដឹកនាំកម្លាំងក្នុងផែនជំនាញ រួមជាមួយកម្លាំង នគរបាលនៃអធិការដ្ឋាននគរ បាលស្រុកសំពៅលូន ដែលមានលោកវរសេនីយ៍ទោ ទឹម វិឆ័យ ជាអធិការនគរបាលស្រុក ធ្វើការស្រាវជ្រាវករណីហិង្សាដោយចេតនា បណ្តាលឱ្យស្លាប់ជនរងគ្រោះ ដោយបានសម្រេចធ្វើការឃាត់ខ្លួនមុខ សញ្ញាជាក្រុមជនសង័្សយចំនួន០៣នាក់ នាំមកធ្វើការសាកសួរស្រាវជ្រាវដែលក្នុងនោះគឺ៖

១-ឈ្មោះ យ៉ាង សុខចាន់នី ហៅ អ៊ុក ភេទប្រុស អាយុ ២១ ឆ្នាំ ។
២-ឈ្មោះ ហ៊ាន វ៉ើយហុង ភេទប្រុស អាយុ ២២ ឆ្នាំ ។
៣-ឈ្មោះ អឿន ភារម្យ ភេទប្រុស អាយុ ២២ ឆ្នាំ ។
អ្នកទាំង០៣នាក់ មានទីលំនៅភូមិតាស្ដា ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោ ង២៣និង៣០នាទី នៅចំណុចលើផ្លូវជាតិលេខ៥៩ ស្ថិតក្នុងក្រុមទី០៤ ភូមិតាស្តាឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្ដាលឱ្យជនរងគ្រោះស្លាប់មួយ បានកើតឡើង ដែលករណីនេះ បង្កដោយក្រុមជនសង្ស័យមួយក្រុម មានគ្នាចំនួន០៩នាក់ បានធ្វើស កម្មភាពចាំស្ទាក់អមសងខាងផ្លូវជាតិ ដែលស្ងាត់ដាច់ស្រយាលពីទីប្រជុំជន ដោយយកដុំថ្មផង ពូថៅផងនិងកាំបិតផ្គាក់ផង គប់ និងកាប់ទៅលើជនរងគ្រោះឈ្មោះ ឡាញ់ ស៊ីណាត ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង ក្នុងខណៈដែលជនរងគ្រោះ កំពុងជិះម៉ូតូតាមផ្លូវ បណ្ដាលឱ្យរងរបួសត្រង់កនិង ចំហៀងខាងស្តាំ (របួសធ្ងន់ធ្ងរ) និងបានស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានបញ្ជាក់ថា នៅចំណុចកើត ហេតុក្រុមជនសង័្សយ បានជ្រើសរើសយកចំណុចស្ងាត់និងស្ថិតនៅឆ្ងាយពីទីប្រជុំជន ហើយដោយសារពេលវេលាយប់ជ្រៅផង ដែលជាហេតុ ធ្វើឱ្យកម្លាំងនគរបាលរបស់លោកចេញអន្តរាគមន៍ មិនបានទាន់ជាហេតុធ្វើឱ្យក្រុមជនសង័្សយ ធ្វើសកម្មភាពរួចភ្លាមបាននាំគ្នាគេចខ្លួនបាត់ពីកន្លែងកើតហេតុភ្លាមៗ ។

លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ បានបញ្ជាក់ថា ករណីនេះដោយ អនុវត្តតាមបទបញ្ជាយ៉ាងហ្មឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង លោកបានធ្វើការដឹកនាំស្រាវជ្រាវ រហូតឈានទៅកំណត់មុខសញ្ញាបាន និងធ្វើការឃាត់ខ្លួនបក្ខពួកចំនួន០៣នាក់ក្នុង ចំណោមបក្ខពួកមួយចំនួនទៀត រួមទាំងជនដៃដល់ផង កំពុងរត់គេចខ្លួនពីមូលដ្ឋានលោកស្នងការរងបន្តថា ទោះបីជាបែប នេះក្តីសមត្ថកិច្ចកំពុងដុតដៃដុតជើង ក្នុងការស្វែងចាប់ខ្លួនមុខសញ្ញាទាំងនេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

លោកស្នងការរងបានបញ្ជាក់បន្ថែមថា ករណីហិង្សាបណ្តាលឱ្យស្លាប់ជនរងគ្រោះនេះ គឺផ្តើមចេញពីបញ្ហាគំនុំតែប៉ុណ្ណោះ ហើយនេះក៏ជាការដោះស្រាយគំនុំ ដោយការសងសឹកគ្នា ក្នុងជម្លោះពីពេលមុនមកដែរ ។

នៅពេលនេះមុខសញ្ញា ជាជនសង័្សយទាំងបីនាក់ខាងលើ សមត្ថកិច្ចកំពុងរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់