កណ្តាលៈ មានករណីបុរសជាកម្មករបូមទឹកម្នាក់ របស់ក្រុមហ៊ុនចិន វាយយកថ្ម នៅភ្នំខ្សាក ឆក់ខ្សែភ្លើងស្លាប់ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចការដ្ឋានវាយយកថ្ម ភ្នំខ្សាក (ក្រុមហ៊ុនហុងហ្វុង) ស្ថិតនៅ ភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ វី សែ ហៅ ត្រេន ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកម្មករបូមទឹក (វាយយកថ្មភ្នំខ្សាក)មានទីលំនៅភូមិជន្លង់ម្លូរ ឃុំរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ស្លាប់ពេលបញ្ជូនដល់ពេទ្យស្រុកស្អាង)។
នៅវេលាកើតហេតុខាងលើ ជនរងគ្រោះបានបូមទឹកចេញពីរណ្ដៅត្បាល់កិនថ្មទី២ ពេលនោះមេការចិន ឈ្មោះ ហុង វៃហ្វុង ដើរពិនិត្យមើលការងារកិនថ្ម បានឃើញ ដាច់ចរន្តអគ្គិសនី ក៏បានឃើញជនរងគ្រោះដេកផ្កាប់មុខនៅក្នុងរណ្តៅខាងលើ (ទឹកត្រឹមពាក់ កណ្តាលភ្លៅ) ពេលនោះឈ្មោះហុង វៃហ្វុង បានហៅកម្មករជួយលើកជនរងគ្រោះឡើងគោគ រួចដឹកជនរងគ្រោះតាមរថយន្តមកពេទ្យបង្អែកស្រុកស្អាង ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់ ពេលដល់មន្ទីរពេទ្យ។
តាមការពិនិត្យសាកសពរបស់នគរបាលស្រុកស្អាង និងគ្រូពេទ្យស្រុកឃើញថាជនរងគ្រោះ មានស្នាមរលាត់កូនជើងខាងឆ្វេងចំនួន ១កន្លែង ស្នាមរលាត់ខ្នង ចំនួន ១កន្លែង និងមានស្នាមជាំម្រាមដៃខាងឆ្វេងចំនួន ១កន្លែង ក្រៅពីនេះពុំមានស្លាកស្នាមអ្វី គួរឲ្យកត់សម្កាល់ទៀតឡើយ។
តាមការសន្និដ្ឋាន: យោងការពិនិត្យកន្លែងកើតហេតុ និងយោងតាមការបំភ្លឺរបស់ឈ្មោះហុង វៃហ្វុង ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គិសនី(ម៉ូទ័របូមទឹក)ដែលនៅក្នងរណ្តៅទឹក។
ក្រោយពិនិត្យរួច បានប្រគល់សាកសពទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់