ព័ត៌មានជាតិ

នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចបន្លំយកទូរស័ព្ទ១គ្រឿង

ភ្នំពេញ: កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១១និង៣០នាទី មានជនសង្ស័យ០២នាក់ឈ្មោះ យ៉ែម មករា ភេទប្រុស អាយុ ២១ ឆ្នាំ និងឈ្មោះ ហេង សុខា ភេទស្រី អាយុ ២៤ ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១១០ ពណ៌ខ្មៅ ឆ្នាំផលិត២០១២ ពាក់ស្លាកលេខ ភ្នំពេញ ១BG-៦៧១២ មកធ្វើក្រចកដៃ និងក្រចកជើងនៅតូបអ៊ុតសក់យីហោស្រីភ័ក្រ្ត នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ករណីខាងលើនោះនៅពេលជនរងគ្រោះឈ្មោះ សុខ ស្រីភាក់ ភេទស្រី អាយុ ២០ ឆ្នាំ បានយកទូរស័ព្ទដៃរបស់គេ០១គ្រឿងម៉ាក អាយហ្វូន ដប់ពីរប្រូមេច ពណ៌ខៀវ ស៊ីមកាតលេខ ០៨៦ ៦៦៥ ០៧៧ ទៅសាកថ្មទុកនៅលើទូតាំងសម្ភារ: រួចជនរងគ្រោះក៏ធ្វើក្រចក ហើយជនសង្ស័យឈ្មោះ ហេង សុខា ពេលធ្វើក្រចកឲ្យជនសង្ស័យរួច ស្រាប់តែបក្ខពួកជនសង្ស័យឈ្មោះ យ៉ែម មករា សុំជនរងគ្រោះចូលទៅបន្ទប់ទឹករួចបន្លំលួចយកទូរស័ព្ទដៃ០១គ្រឿងរបស់ជនរងគ្រោះខាងលើ បន្ទាប់មកជនសង្ស័យទាំង ០២នាក់បាននាំគ្នាដើរឡើងលើម៉ូតូបម្រុងជិះគេចខ្លួន ខណ:នោះជនរងគ្រោះឈ្មោះ សុខ ស្រីភាក់ មកយកទូរស័ព្ទដៃគាត់វិញ បាត់មិនឃើញក៏ឃាត់ជនសង្ស័យទាំង០២នាក់ឈ្មោះ យ៉ែម មករា និងឈ្មោះ ហេង សុខា ហើយស្រែកឆោឡោឡើង ។

ភ្លាមនោះកម្លាំងសមត្ថកិច្ចល្បាតក្បែរនោះមកដល់ឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់យកមកស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១សាកសួរតែម្តង ។

១-ជនសង្ស័យឈ្មោះ យ៉ែម មករា ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រ ។ (គ្មានផ្ទុកសារធាតុញៀន) ២-ជនសង្ស័យឈ្មោះ ហេង សុខា ភេទស្រី អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ កម្មការិនីរោងចក្រ ។ (គ្មានផ្ទុកសារធាតុញៀន) ។

ជនរងគ្រោះឈ្មោះ សុខ ស្រីភាក់ ភេទស្រី អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ មុខរបរ ជាងអ៊ុតសក់ ។

វត្ថុតាងចាប់យក៖ ម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១១០ ពណ៌ខ្មៅ ឆ្នាំផលិត២០១២ ពាក់ស្លាកលេខ ភ្នំពេញ ១BG-៦៧១២ លេខតួ+លេខម៉ាស៊ីន=៨០០៩៣៨៦ និងទូរស័ព្ទដៃ០១គ្រឿងម៉ាក អាយហ្វូន ដប់ពីរប្រូមេច ពណ៌ខៀវ ស៊ីមកាតលេខ ០៨៦ ៦៦៥ ០៧៧ (របស់ជនរងគ្រោះ) ។

បច្ចុប្បន្នជនសង្ស័យចំនួន០២នាក់ឈ្មោះ យ៉ែម មករា និងឈ្មោះ ហេង សុខា ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

មតិយោបល់