ព័ត៌មានជាតិ

ល្បិចថ្មី! ចូលលួចម៉ូតូដល់ក្នុងផ្ទះគេ ចង់បង្វែរដាន យកទៅផ្ញើនៅមន្ទីរពេទ្យកាល់ម៉ែត ចុងក្រោយជាប់ខ្នោះអាវុធហត្ថ

ភ្នំពេញ: នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរលួចម៉ូតូម្នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១១ និង៣០នាទី មានករណីបាត់ម៉ូតូ ០១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅស ស៊េរីឆ្នាំ២០១៦ ស្លាកលេខ ភ្នំពេញ1FO-0380 នៅចំណុចផ្លូវហាណូយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជារបស់ឈ្មោះ ធឿន សេងធឹង ភេទប្រុស អាយុ ២៧ឆ្នាំ។

បន្ទាប់ពីដឹងថា ម៉ូតូត្រូវបានចោរលួចយកទៅបាត់ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានស្រាវជ្រាវរហូតដល់កំណត់មុខសញ្ញាឃាត់ខ្លួន បានជនសង្ស័យម្នាក់ ឈ្មោះ ម៉ាក រ៉ាវី ភេទប្រុស អាយុ ៣០ឆ្នាំ យកមកធ្វើការសួរនាំតែម្តង។

ក្រោយពេលឃាត់ខ្លួនបាន រូបគេបានសារភាពប្រាប់សមត្ថកិច្ចជំនាញអាវុធហត្ថក្រុងភ្នំពេញ ថា រូបគេពិតជាបានដើរចូលទៅលួចម៉ូតូ នៅក្នុងផ្ទះជនរងគ្រោះខាងលើ ប្រាកដមែន ហើយបានយកម៉ូតូនោះទៅទុកកន្លែងផ្ញើម៉ូតូ នៅមន្ទីរពេទ្យកាល់ម៉ែត៕

មតិយោបល់