ព័ត៌មានជាតិ

សូមជួយ Share! បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងក្រុងប៉ោយប៉ែត ដែលបាត់ម៉ូតូ កាលពីពេលថ្មីៗនេះ មានភិនភាគដូចក្នុងរូប អាចមកយកបាន

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ០៩ និង ០០នាទីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមាត់អូរ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី លួច (កាច់កសោម៉ូតូ) ប្រព្រឹត្តកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ និងឃាត់ខ្លួនជនសង្ស័យបានម្នាក់។

បន្ទាប់ពីធ្វើការឃាត់ខ្លួនកម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ៖ យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ជន សៀវថៃ ភេទ ស្រី អាយុ ១៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបំភ្លឺឲ្យដឹងថា ៖ នៅយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ ពេលរូបគេត្រឡប់ពីធ្វើការវិញ បានជិះម៉ូតូម៉ាក ZOOMER-X ស៊េរីឆ្នាំ២០១៦ ០១គ្រឿង ទៅទុកនៅមុខផ្ទះ ហើយចូលទៅសម្រាកដូចធម្មតា លុះព្រឹកឡើងពេលងើបពីសម្រាកក៏បាត់ម៉ូតូ មិនដឹងថាចោរលួចយកតាំងពីពេលណានោះទេ ក៏បានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតតែម្តង ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានបញ្ជាក់ទៀតថា ៖ ក្រោយពីទទួលបានពាក្យបណ្តឹង ថាមានអំពើចោរកម្ម កម្លាំងកងរាជអាវុធហត្ថ បានចុះដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ រកមុខសញ្ញាជនសង្ស័យ លុះដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យម្នាក់ (សុំមិនបញ្ចេញឈ្មោះ) រួមជាមួយម៉ូតូរបស់ជនរងគ្រោះ យកមកសាកសួរ ក្រោយសាកសួរចម្លើយ ជនសង្ស័យបានបំភ្លឺថា ៖ រូបគេបានទិញម៉ូតូពីបុរសម្នាក់ ក្នុងតម្លៃ ២៣.៥០០បាត ដោយគេប្រាប់ថា ជាម៉ូតូឡើងពីថៃ ដោយជនសង្ស័យ បានយល់អំពីស្ថានការណ៍ច្បាប់ ក៏យល់ព្រមទទួលកំហុស និងព្រមប្រគល់ម៉ូតូជូនម្ចាស់ដើមវិញ ។

ដោយទទួលបានតម្រុយថ្មី និងយល់ថា ជនសង្ស័យខាងលើ ក៏ជាជនរងគ្រោះដែរ កម្លាំងជំនាញបានសុំកិច្ច សហការពីជនខាងលើ ដើម្បីតាមចាប់ខ្លួនជនដៃដល់ពិតប្រាកដ ។ លុះដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ជនដៃដល់បានទូរស័ព្ទមកជនសង្ស័យថា ត្រូវការទិញម៉ូតូទៀតអត់ ព្រោះគេទើបតែយកមកពីថៃ ០១គ្រឿងទៀត ម៉ាក Click ពណ៌ស ស៊េរីឆ្នាំ២០១២ ពេលនោះរូបគេបានខលមកកម្លាំងជំនាញកងរាជអាវុធហត្ថ ដើម្បីសុំកិច្ចសហការចាប់ខ្លួនជនសង្ស័យតែម្តង ក្រោយមកជនដៃដល់បានជិះម៉ូតូ ០១គ្រឿង ម៉ាក Click ពណ៌ស មកឲ្យជនសង្ស័យមើល ដើម្បីតថ្លៃគ្នា ពេលមកដល់កម្លាំងកងរាជអាវុធហត្ថ ក៏ធ្វើការឃាត់ខ្លួនតែម្តងឈ្មោះ នាម សុផាត ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួមជាមួយ និងម៉ូតូ ០១គ្រឿង ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ៖ ខ្លួនបានធ្វើសកម្មភាពកាច់កសោម៉ូតូ ក្នុងក្រុងប៉ោយប៉ែត បានចំនួន ០៤លើ រួចមកហើយ ។ ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះ និងសាក្សី ឃើញថា មានតម្រុយពិរុទ្ធភាពនៃបទល្មើសយ៉ាងជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ លួច(កាច់កសោម៉ូតូ) បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី។

ក្នុងនាមលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានធ្វើការអំពាវនាវជនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងប៉ោយប៉ែត ដែលបាត់ម៉ូតូកាលពីពេលថ្មីៗនេះ ដែលមានភិនភាគ ម៉ាក Click ពណ៌ស ស៊េរីឆ្នាំ២០១២ លេខតួ-លេខម៉ាស៊ីន CN125K-8000938 សូមមកទំនាក់ទំនង នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត និងយកឯកសារពាក់ព័ន្ធ ដើម្បីមកទទួលយកម៉ូតូត្រឡប់ទៅវិញ៕

មតិយោបល់