ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ក្នុងទឹកស្រះចិញ្ចឹមត្រី សង្ស័យជាករណីឃាតកម្ម

ភ្នំពេញៈ​ មានការភ្ញាក់ផ្អើលមួយ កើតទ្បើងបន្ទាប់ពីកម្មករចិញ្ចឹមត្រី បានប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹកស្លាប់ក្នុងស្រះចិញ្ចឹមត្រីមួយកន្លែង ក្នុងដីឡូត៌​ ស្ថិតនៅភូមិចំរើនផល​ សង្កាត់បឹងទំពន់​ទី១​ ខណ្ឌមានជ័យ​ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី​ ៥​ ខែ​សីហា​ ឆ្នាំ​ ២០១៨។

ករណីនេះ ត្រូវបានគេដឹងថា សមត្ថកិច្ចពាក់ព័ន្ធ រួមទាំងសមត្ថកិច្ចខណ្ឌមានជ័យ បានព្យាយាមលាក់បាំងព័ត៌មាននេះ ដោយមិនឲ្យអ្នកសារព័ត៌មាន ចូលទៅផ្តិតរូបភាព ឬសាកសួរនាំនៅកន្លែងកើតហេតុទ្បើយ។

ក្រោយផ្ទុះព័ត៌មានជុំវិញករណីនេះ បានធ្វើឲ្យអ្នកសារព័ត៌មានជាច្រើន បាននាំគ្នាចុះមកដល់ទីតាំងកើតហេតុ ដើម្បីផ្តិតរូបភាពនឹងសួរនាំ តែសមត្ថកិច្ច បានបញ្ជាឲ្យកម្មករបិទរបងដីឡូត៌ ដោយហាមមិនឲ្យអ្នកព័ត៌មានចូលថតទេ។

​តាមការសន្និដ្ឋានរបស់ប្រជាពលរដ្ឋ ដែលស្នាក់នៅក្បែរនោះ ​បាននិយាយតៗគ្នាថា រឿងមួយនេះ អាចទំនងជាករណីឃាតកម្ម វ៉ៃទម្លាក់ទឹក​ រហូតហើមស្អុយរលួយ ទើបបែកការដល់សមត្ថកិច្ច​ ប៉ុន្តែយ៉ាងណានោះ ពុំទាន់មានការបញ្ជាក់នៅទ្បើយទេ ដោយសមត្ថកិច្ចជំនាញ កំពុងធ្វើកោសល្យវិច័យ ចំពោះសពបុរសខាងលើ៕

https://youtu.be/PhQBY4bmYAs

មតិយោបល់