ត្បូងឃ្មុំៈ កាលពីវេលាម៉ោង៨ និង២៥នាទីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តមួយគ្រឿង បានដាច់កង់ខាងក្រោយ ក៏ទៅបុកស្ត្រីម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង។
ហេតុការណ៍នេះ កើតទ្បើងនៅលើផ្លូវជាតិលេខ ៧ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៩-១៩០ ស្ថិតនៅភូមិស្អំ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
រថយន្តបង្កម៉ាក នីសាន់ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខភ្នំពេញ 2B-2335 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បានដាច់កង់ផ្នែកខាងក្រោយ ហើយខ្ទាតទៅបុកឈ្មោះ ថន ប៊ុនធឿន ភេទស្រីអាយុ ៤៦ឆ្នាំ ជាតិខ្មែរ នៅភូមិឃុំកើតហេតុ ខពៈកំពុងអង្គុយបូមខ្យល់ម៉ូតូនៅក្រោមយាបមុខផ្ទះស្លាប់ និងម្នាក់ទៀតឈ្មោះសេង ម៉ាប់ ភេទប្រុស អាយុ ៤០ឆ្នាំជាតិខ្មែរនៅភូមិជីតុក ឃុំក្រែក ស្រុកពញាក្រែកខេត្តត្បូងឃ្មុំរបួសស្រាល។
ក្រោយកើតហេតុតៃកុងបើករថយន្តបង្ក បានរត់គេចខ្លួនបាត់ រីឯរថយន្តត្រូវបាន កម្លាំងជំនាញ ដកហូតយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនិតិវិធី៕
មតិយោបល់