ព័ត៌មានជាតិ

កុមារីជនជាតិវៀតណាមម្នាក់ លង់ទឹកស្ទឹងស្លាប់ ក្នុងកន្លែងការដ្ឋានបូមខ្សាច់ នៅស្រុកភ្នំក្រវាញ

ពោធិ៍សាត់ៈ កាលពីវេលាម៉ោង ១៧និង៣៥នាទីថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ២០២០ កុមារីរងគ្រោះឈ្មោះ សុខ ម៉ី អាយុ ០២ឆ្នាំ នៅក្នុងបន្ទុកឪពុកម្តាយជនជាតិវៀតណាជាកម្មករបូមខ្សាច់ ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិអូររំចង់ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានលង់ទឹកស្ទឹងស្លាប់នៅចំណុចការដ្ឋានបូមខ្សាច់។

តាមការរៀបរាប់របស់ឈ្មោះ មេង ទ្រី អាយុ ៣២ឆ្នាំ ជនជាតិវៀតណាម ត្រូវជាឪពុកកុមាររងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុរូបគាត់​ និងប្រពន្ធឈ្មោះ ចាន់ វី អាយុ ៣០ឆ្នាំ ស្នាក់នៅភូមិឃុំខាងលើ បានជាប់រវល់ការងារបូមខ្សាច់ លុះដល់ចប់ការងារក៏ស្រាប់តែបាត់កូននាំគ្នាស្វែងរកមិនឃើញមានការសង្ស័យទំនងជាកូនធ្លាក់ទឹក ហើយនាំគ្នាចុះរាវរកប្រទះឃើញកុមាររងគ្រោះដេកស្លាប់ក្នុងទឹកស្ទឹង ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងអាជ្ញាធរ ចុះដល់កន្លែងកើតហេតុតែម្តង។

ក្រោយពេលទទួលបានព័ត៌មានពីក្រុមគ្រួសាររបស់កុមារងគ្រោះសមត្ថកិច្ច ចុះដល់កន្លែងកើតហេតុពិនិត្យ និងសន្និដ្ឋានថា កុមាររងគ្រោះស្លាប់ដោយលង់ទឹកស្ទឹងនៅចំណុចការដ្ឋានបូមខ្សាច់ តាំងពីវេលាម៉ោង៣និង៣០នាទីរសៀលនាថ្ងៃទី១៦ រហូតដល់ម៉ោង១៧និង៣៥នាទីទើបមានការភ្ញាក់ផ្អើលដឹងថាកុមារីឈ្មោះ សុខ ម៉ី លង់ទឹកស្លាប់ពិតប្រាកដមែន ៕

មតិយោបល់