ភ្នំពេញៈ បុរសវ័យ២៦ឆ្នាំម្នាក់ ត្រូវបានលោកស្រី ថ្លែង ផាណែត ជាប្រធានក្រុមប្រឹក្សា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ បានបើកសវនាការប្រកសាលក្រម លើកលែង ការចោទប្រកាន់ ពីបទ រំលោភសេពសន្ថវៈ។
ជនជាប់ចោទ មានឈ្មោះ ហៀង ឧត្តម ត្រូវបាន លោក សឿន មុនីរ័ត្ន ជាតំណាងអយ្យការ និងចៅក្រមស៊ើបសួរ នៃសាលាដំបូងបញ្ជូនសំណុំរឿង ទៅជំនុំជម្រះ ពីបទ រំលោភសេពសន្ថវៈ យោងតាមមាត្រា ២៣៩ នៃក្រមព្រហ្មទណ្ឌ។
យើងបានសុំការប្រតិកម្ម និងការបញ្ជាក់ ចំពោះសេចក្តីសម្រេចលើកលែងចោទប្រកាន់លើជនជាប់ចោទ ខាងលើនេះ ពីលោក សឿន មុនីរ័ត្ន ជាតំណាងអយ្យការ កាន់សំណុំរឿងផងដែរនៅថ្ងៃនេះ ប៉ុន្តែលោកបានឲ្យដឹងតាម Telegram ថានៅថ្ងៃប្រកាសសាលក្រម រូបលោកសុំច្បាប់ មិនបានចូលរួមសវនាការនោះទេ គឺមានព្រះរាជអាជ្ញារងផ្សេងជាអ្នកជំនួស ដូច្នេះលោកអត់ដឹងនោះទេ។
សូមជម្រាបជូនថា នៅក្នុងសវនាការកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ ជនរងគ្រោះ និងគ្រួសារជនរងគ្រោះ បានសុំដកពាក្យបណ្តឹង ឈប់ប្តឹងជនជាប់ចោទ។
ចំណែកជនជាប់ចោទអះអាងថា នេះជាស្នេហាស្មោះស រវាងរូបគេ និងជនរងគ្រោះ មិនមែនជាអំពើចាប់រំលោភនោះទេ ប៉ុន្តែស្នេហាមួយនេះ បានធ្វើឲ្យរូបគេជាប់គុក មួយរយៈ៕
មតិយោបល់