ព័ត៌មានជាតិ

ម៉ូតូមួយគ្រឿង ជិះបុករថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

ភ្នំពេញ: ម៉ូតូឌ្រីមសង់មួយគ្រឿង បើកដោយបុរសម្នាក់ ក្នុងល្បឿនលឿនពេលដល់ផ្លូវបែកជាបួន មិនបង្អន់ក៏បានបុករថយន្តកាមេរីហាយប្រីតយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ។

ហេតុការណ៏នេះ កើតឡើងកាលពីវេលាម៉ោង ១១ យប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ១៤៣ កែងផ្លូវលេខ ២៩២ សង្កាត់បឹងកេងកងទី២ ខណ្ឌចម្ការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានបើកម៉ូតូម៉ាកឌ្រីម សង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BO-4078 បើកតាមបណ្តោយផ្លូវ២៩២ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ដល់ផ្លូវបែកជាបួនមិនបង្អន់ ក៏ទៅបុករថយន្តម៉ាកកាមេរីហាយប្រីត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2S-1444 ចំទ្វាររថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូនោះរងរួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យ ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯរថយន្តវិញរងការខូចខាតទ្វាររថយន្តខាងស្តាំ និងផ្ទុះពោងសុវត្ថិភាព។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកទីតាំងកន្លែង ដើម្បីធ្វើការវាស់វែង និងយករថយន្ត រួមទាំងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោក នៃអធិការដ្ឋននគរបាលខណ្ឌចម្ការមន ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់