ព័ត៌មានជាតិ

ប៉ូលិសច្បារអំពៅ បញ្ជូនខ្លួនយុវជន២នាក់ទៅតុលាការ ពាក់ព័ន្ធរឿងរំលោភបូក

​ភ្នំពេញៈ យុវជន២នាក់ ត្រូវបានប៉ូលិសព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះ ពាក់ព័ន្ធករណីរំលោភបូក។

យោងតាមរបាយការណ៍សមត្ថកិច្ច ជនសង្ស័យទី១ឈ្មោះ ទូច ឡុងឃុន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិស្ស និងទី២ឈ្មោះ ប៊ូ សំណាង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិស្ស មានលំនៅដូចគ្នា ក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចខណ្ឌច្បារអំពៅ បានឃាត់ខ្លួន ជនសង្ស័យ កាលពីរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

គួររំលឹកថា ករណី រំលោភបូកនេះបានបែកការណ៍ នៅពេលនារីរងគ្រោះ (សុំមិនបញ្ចេញអត្តសញ្ញាណ) បានលេបថ្នាំប៉ុនប៉ងសម្លាប់ខ្លួន ប៉ុន្តែត្រូវគ្រួសារ ជួយទាន់ពេល និងសាកសួរទើបដឹងរឿង។

នារីរងគ្រោះ វ័យ ១៥ឆ្នាំ បានអះអាងប្រាប់សមត្ថកិច្ច និងគ្រួសារនាងថា នៅយប់កើតហេតុថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ រូបនាង និងក្រុមជនសង្ស័យទាំង២នាក់ខាងលើ បាននាំគ្នាផឹកស្រានៅផ្ទះមិត្តភក្តិនៅ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

លុះក្រោយមក ដោយសារនាងស្រវឹងខ្លាំង ក្រុមជនសង្ស័យ បានដឹកនាងទៅ ផ្ទះសំណាក់យីហោ “ដាលីន” បន្ទប់លេខ៦ រំលោភបានសម្រេចជាច្រើនលើក ទើបនាងខ្មាសគេ ចង់សម្លាប់ខ្លួន តែត្រូវសាច់ញាតិជួយទាន់ និងដាក់ពាក្យប្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍រកយុត្តិធម៌៕

មតិយោបល់