ព័ត៌មានជាតិ

បុរសម្នាក់មានវិបត្តិផ្លូវចិត្តបែកបាក់គ្រួសារ ជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួននៅលើស្ពាន

ត្បូងឃ្មុំ: នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៦ និង ៤០នាទី ត្រង់ចំណុចលើស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិតនៅភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ មានយុវជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានជិះម៉ូតូ០១គ្រឿងម៉ាក zoomer X ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GA-7439 មកឈប់នៅត្រង់ចំណុចកើតហេតុ រួចឡើងលើបង្កាន់ដៃស្ពាន ធ្វើសកម្មភាពលោតចុះទៅក្រោម បណ្តាលឲ្យលិចបាត់ ។

ជនរងគ្រោះខាងលើ បានបន្សល់ទុកនៅ ១.ម៉ូតូម៉ាក zoomer X ០១គ្រឿង ២.ខ្សែកប្លាទីន ០១ខ្សែ ៣.ចិញ្ចៀនប្លាទីន ០១វង់ ៤.ប្រាក់រៀល ចំនួន ៧៥០០៛ ៥.ស្បែកជើង ០១គូ ក្រោយទទួលព័ត៌មានភ្លាម កម្លាំងជំនាញសហការជាមួយ កម្លាំងប្រចាំការនៅគល់ស្ពាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រា បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ ។

តាមការបំភ្លឺរបស់ឈ្មោះ អៀង ប៊ុនថេង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ និងធ្វើជាងសំណង់នៅការដ្ឋានចិន ក្រុមហ៊ុនអគ្គិសនីកម្ពុជា ស្ថិតនៅភូមិមាឃ១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវជាបងជីដូនមួយ និងអ្នករួមការងារជាមួយ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ីម ភារុន ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិប្រិយ៍ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាកម្មករយាមឃ្លាំង ធ្វើការនៅក្រុមហ៊ុនជាមួយគ្នា មានវិបត្តិផ្លូវចិត្តបែកបាក់គ្រួសារ ដែលទើបរៀបការថ្មីថ្មោង បានរយ:ពេលជាងបីខែ ហើយនៅថ្ងៃកើតហេតុ ជនរងគ្រោះបានផ្ញើសារទៅគ្រប់គ្នាថា “អហោសកម្មឲ្យខ្លួនផង” រួចទូរស័ព្ទទាក់ទងលែងបាន និងបាត់មនុស្សតែម្តង រហូតមកដល់ពេលល្ងាច ទើបទទួលដំណឹងថា ជនរងគ្រោះមកលោតទឹកស្ពានសម្លាប់ខ្លួន ។

បច្ចុប្បន្នសពរបស់ជនរងគ្រោះ ពុំទាន់រកឃើញនៅឡើយទេ កម្លាំងជំនាញ និងក្រុមគ្រួសារកំពុងធ្វើការរុករកបន្ត ចំណែកសម្ភារ:វត្ថុតាង ត្រូវបានជំនាញប្រគល់ជូនទៅឈ្មោះ អៀង ប៊ុនថេង យកទៅរក្សាទុកជាបណ្តោះអាសន្នសិន រង់ចាំគ្រួសារមកទទួលនៅពេលក្រោយ ៕

មតិយោបល់