ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌព្រែកព្នៅឃាត់ខ្លួន

ភ្នំពេញ : កម្លាំងសមត្ថកិច្ចខណ្ឌព្រែកព្នៅបានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ កាលពីម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ដែលស្ថិតនៅផ្លូវលេខ១៥១ ភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ។

បើតាមការបញ្ជាក់ពីលោក ឌិន សារ៉ាតុម អធិការរងខណ្ឌព្រែកព្នៅ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចបាននិងកំពុងជិះល្បាតនៅជុំវិញមូលដ្ឋាន ស្រាប់តែបានប្រទះឃើញជនសង្ស័យ ២នាក់ ជិះម៉ូតូ មួយគ្រឿង ម៉ាក សង់កូរ៉េ ពណ៌ខៀវចាស់ ពាក់ស្លាកលេខ ភ្នំពេញ 1Q-7923 សមត្ថកិច្ចក៏បានហៅឲ្យជនសង្ស័យទាំង ២នាក់ឈប់ រួចធ្វើការឆែកឆេរ ក៏បានរកឃើញថ្នាំញៀនចំនួន ២កញ្ចប់តូច ជាប្រភេទ (ម៉ាទឹកកក) ដែលស្ថិតនៅមុខសាលាអន្តរជាតិ វ៉ាស៊ីនតោន រួចក៏បានយកប៉ុស្តិ៍នគរបាលពញាពន់ ដើម្បីធ្វើការសាកសួរ ។

បើតាមឆ្លើយសារភាពរបស់ជនសង្ស័យទាំង ២នាក់ខាងលើ បានសារភាពថា ខ្លូនបានទៅខ្ចីម៉ូតូមួយគ្រឿងពីបងថ្លៃ ដើម្បីនាំគ្នាទៅទិញគ្រឿងញៀននៅម្តុំសង្កាត់ពញាពន់ ជនសង្ស័យម្នាក់ឈ្មោះ ថន សំបូរ បានដើរចូលទៅទិញគ្រឿងញៀនពីបុរសម្នាក់មិនស្គាល់ឈ្មោះរៀងស្គមខ្ពស់ សក់ស្លូត ពាក់អាវវាលគ្លៀក នៅពេលដែលទិញបានគ្រឿងញៀនរួចហើយ ក៏បាននាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញក៏ត្រូវកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។

ជនសង្ស័យទាំង ២នាក់ ឈ្មោះ ថន សំបូរ អាយុ១៨ឆ្នាំ ស្នាក់នៅភូមិបាសិត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល និង ឈ្មោះ ចក់ ឡេង អាយុ៣១ឆ្នាំ ស្នាក់នៅភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ។ ចំណែកវត្ថុតាងសមត្ថកិច្ចបានធ្វើការដកហូតរួមមាន ថ្នាំញៀនចំនួន ២កញ្ចប់តូច ប្រភេទម៉ាទឹកកក និងម៉ូតូ មួយគ្រឿង។

ជនសង្ស័យទាំង ២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

photo_2016-04-23_12-41-16

មតិយោបល់