ភ្នំពេញៈ មន្ត្រីនគរបាលមួយរូបបានទាញកាំភ្លើងបាញ់មេឃផ្ទុះលាន់ឮឡើងកក្រើកនិងបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ប្រហែលជាង២ រសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នៅបន្ទប់ជួលជាន់ទី៣ នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសនោះឈ្មោះ កែវ សុផល អាយុ៤០ឆ្នាំ មុខរបរជាមន្ត្រីនគរបាល អន្តរាគមន៍ពិសេស នៃអគ្គស្នងការនគរបាលជាតិ ស្នាក់នៅបន្ទប់ជួលជាន់ទី៣ ភូមិព្រៃទា គាត់បានប្រើប្រាស់កាំភ្លើងខ្លីម៉ាកា៥៤បាញ់បោះចំនួន១០គ្រាប់ហើយកាំភ្លើងនោះក៏ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យដកហូត និងរកឃើញគ្រាប់កាំភ្លើងចំនួន៤គ្រាប់ រួមជាមួយសំបកគ្រាប់ជាច្រើនទៀតផងដែរ។
អ្នកភូមិនិយាយថា នៅវេលាកើតហេតុខាងលើពួកគាត់បានឃើញបុរសខាងលើឈរកាប់កាំភ្លើងនៅជាន់ទី៣ផ្ទះជួលខាងលើ បន្ទាប់មកស្រាប់បាញ់ឡើងលើជាច្រើនគ្រាប់តែម្ដងដោយមិនដឹងថាគាត់មានវិបត្តិអ្វីឡើយ។
ពេលនោះដោយខ្លាចមានគ្រោះថ្នាក់ពួកគាត់បាននាំគ្នារត់ចូលក្នុងផ្ទះទាំងព្រលឹងចុងសក់ ក្រោយមកបន្ទាប់ពីឃើញកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យចុះទៅដល់នាំខ្លួនបុរសនេះទើបពួកគាត់ហ៊ានចេញក្រៅផ្ទះ បន្ទាប់មកនគរបាលបាននាំគាត់ទៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់៕
មតិយោបល់