សៀមរាបៈ កាលពីវេលាម៉ោង១០និង៣៥នាទី យប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ បុករថយន្តពីក្រោយ បណ្តាលឲ្យមនុស្ស៣នាក់ ស្លាប់យ៉ាងរន្ធត់ នៅលើផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣២៥-៣២៦ ភូមិព្រៃក្មេង ឃុំខ្នាតស្រុកពួក ខេត្តសៀមរាប។
ករណីនេះកើតឡើង ខណៈដែលម៉ូតូម៉ាកហុងដាឌ្រីម ផលិតឆ្នា២០១៧ ពណ៌ខ្មៅ បិតស្គុតពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 1AA-65 61 បើកបរដោយឈ្មោះ ប៉ោះ ឈី ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិស្វាហួល ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ឌុបមនុស្ស២នាក់ ទី១/ឈ្មោះ យួន អេ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិឃុំ ជាមួយគ្នា និងទី២/ឈ្មោះ ហែម សានរាស៊ី ភេទស្រី អាយុ១៦ឆ្នាំ នៅភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប បើកបរទិសដៅពីលិចទិសខាងលិចទៅកើត បានបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនិញធុនធំ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-9363 បើកបរដោយឈ្មោះ ឌី ហៅនី ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅស្រុកស្នួល ខេត្តក្រចេះ មុខរបរកម្មករបើកបរ បើកទិសដៅពីលិចទៅកើតហើយបែកកង់ឈប់ចតលើចិញ្ចើមផ្លូវខាងស្តាំ ក្បាលទៅទិសខាងកើត ដោយមានដាក់មែកឈើជាសញ្ញា។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ហើយករណីនេះបណ្តាលឲ្យមនុស្សទាំង៣នាក់ស្លាប់ ចំណែកម៉ូតូ១គ្រឿងរងការខូចខាតធ្ងន់ រីឯរថយន្ត១គ្រឿងស្រាល។
ករណីនេះ បណ្តាលមកពី រថយន្តខូចបែកកង់ឈប់មិនប្រុងប្រយ័ត្ន អ្នកបើកបរម៉ូតូល្បឿនលឿន។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿងតាមនិតិវិធី។ ចំណែកសាកសពជនរងគ្រោះប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់