សៀមរាបៈ កាលពីវេលាម៉ោង៥និង២០នាទីព្រឹក ថ្ងៃទី០៩ ខែ សីហា ឆ្នាំ ២០១៨ នៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ភូមិ កសិកម្ម សង្កាត់ ស្រង៉ែ ក្រុង/ខេត្តសៀមរាប មានករណីជនបរទេសម្នាក់បានស្លាប់។
ជនរងគ្រោះឈ្មោះ LEE WOOSUNG ភេទ ប្រុស កើតឆ្នាំ ១៩៦៧ ជនជាតិ កូរ៉េខាងត្បូង កាន់លិខិតឆ្លងដែនលេខM៣៥៨៣៤៥៦២ ជាភ្ញៀវទេសចរណ៍។ ចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប ស្នាក់នៅបន្ទប់ជួលជាមួយមិត្តស្រី ឈ្មោះ ភាន់ សុផាន ជនជាតិខ្មែរ នៅភូមិ តាភុល សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
តាមការសាកសួរមិត្តស្រីឈ្មោះ ភាន់ សុផាន បានឲ្យដឹងថា៖នាវេលាម៉ោង៥ព្រឹក ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៨ ជនរងគ្រោះមានអាការៈឈឺស្មារខាងស្តាំខ្លាំងត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ រហូតដល់វេលាម៉ោង ៥និង២០នាទីព្រឹកថ្ងៃខែឆ្នាំដដែលជនរងគ្រោះក៏បានស្លាប់។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា៖ជនរងគ្រោះស្លាប់ដោយជំងឺស្ទះសរសៃឈាមបេះដូង។
សាកសពត្រូវបានតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ដើម្បីរង់ចាំការសម្រេចរបស់ក្រុមគ្រួសារនិងស្ថានទូត៕
មតិយោបល់