កោះកុងៈ ដោយសារតែទ្រាំងនឹងការធ្វើបាប លែងបាន ស្ត្រីជាប្រពន្ធម្នាក់ បានរត់ទៅប្តឹងសមត្ថកិច្ចស្រុកស្មាច់មានជ័យ ឲ្យជួយអន្តរាគមន៍ចាប់ខ្លួនប្តីខ្លួនឯង ក្រោយពីប្តីរូបនេះ បានរំលោភកូនចុង រួចគំរាមកំហែង និងបង្ខាំងទុករូបនាង និងកូនមិនឲ្យទៅណាទៀត។
ករណីនេះបានកើតឡើងកាលពីយប់ថ្ងៃទី២៥មិថុនា ចុងសប្តាហ៍នេះ ក្រោយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាឪពុកនោះ នៅចំនុចផ្ទះជួលស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ទៅតាមពាក្យបណ្តឹងរបស់ប្រពន្ធនិងម្តាយរូបនោះ។
នៅក្នុងពាក្យបណ្តឹង ស្ត្រីជាប្រពន្ធ ឈ្មោះ គឿន វាសនា អាយុ៣៥ឆ្នាំ មុខរបរធ្វើការ៉េម បានប្តឹងទៅលើឈ្មោះ ឡោ សារ៉ាយ ជាប្តី អាយុ៣៦ឆ្នាំ មុខរបរលក់ការ៉េម ថា បានប្រើអំពើហិង្សាមកលើគ្រួសារជាញឹកញាប់ និងគំរាមកំហែងខ្លួន និងកូនស្រី ព្រមទាំងចាក់សោរបន្ទប់បង្ខាំងមិនឲ្យទៅណាទៀត។
ពាក្យបណ្តឹងបានចោទថា ជនសង្ស័យ ឡោ សារ៉ាយ បានចាប់រំលោភកូនស្រីចុងរបស់ខ្លួន បានសម្រេច៥ទៅ៦លើករួចមកហើយនៅឯខេត្តកំពង់ចាម រហូតមកដល់ខេត្តកោះកុងជនសង្ស័យដែលជាឪពុកចុងល្មោភកាមរូបនេះបានចាប់រំលោភនាងម្តងទៀត។
ដោយទ្រាំលែងបាន ទើបស្ត្រីជាប្រពន្ធសុំជនសង្ស័យជាប្តីទៅទិញកាតទូរស័ព្ទដើម្បីខលទៅលេងស្រុកកំណើត ហើយក៏មានពេលរត់ទៅប្តឹងសមត្ថកិច្ចតែម្តង។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលក្រុងខេមរភូមិន្ទធ្វើការឃុំខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកាន់ការិយាល័យកណ្តាលចាត់ការបន្ត។
សូមបញ្ជាក់ថា ក្មេងស្រីរងគ្រោះ មានអាយុ១៥ឆ្នាំ ហើយក៏មានមុខរបរជាអ្នកលក់ស្រាបៀរនៅក្លឹបអ៊ិចស្តា រស់នៅផ្ទះជាមួយម្តាយ និងឪពុកចុង៕
មតិយោបល់