ព្រៃវែងៈ សាលាបឋមសិក្សា ចាថងណាង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិពោធិ៍ ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយមានអគារមួយខ្នងកំពុងស្ថិតក្នុងសភាពចាស់ ទ្រុឌទ្រោម ប្រេះរបេះថ្មជាអន្លើរៗ បង្កឲ្យកើតក្តីព្រួយបារម្មណ៍ ខ្លាចបាក់ ស្រុត បង្កឲ្យគ្រោះថ្នាក់ ដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ដែលចូលទៅរៀនសូត្រក្នុងថ្នាក់រៀននោះ រហូតមកដល់ពេលនេះ ក្តីបារម្ភ ភ័យព្រួយ របស់សិស្ស មាតាបិតាសិស្ស លោកគ្រូអ្នកគ្រូ អំពាវនាវរកសប្បុរសឲ្យជួយ ដល់សាលាខាងលើ។
តាមប្រសាសន៍លោក កែវ សុវណ្ណា ជានាយកសាលាបឋមសិក្សា ចាថងណាង បានឲ្យដឹងថា អគារសម្រាប់សិក្សារបស់ខាងលើ មានចំនួន២ ចែកចេញជា៦បន្ទប់ តែមានមួយអគារដែលមាន២បន្ទប់នោះ ក្នុងសភាព ចាស់ បាក់បែកប្រេះ ដំបូលលេច ហើយជ្រុះរបេះថ្មជាអន្លើៗទៅហើយ ដោយសារសាលាពុំមានថ្នាក់រៀន ទើបសិស្សចូលរៀន ក្នុងសាលាបាក់បែកទាំងក្តីព្រួយបារម្មណ៍។ លោកបន្តទៀតថា សិស្សានិស្សិស្ស ចេះតែកើនឡើងរាល់ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០១៥ -២០១៦ នេះសិស្សរុបចំនួន២៧៤នាក់ ស្រី១៣៥នាក់ ហើយសាលាខាងលើមាន គ្រូបង្រៀនចំនួន៩នាក់ ស្រី៤នាក់។
លោកនាយកសាលាបានឲ្យដឹងទៀតថា អគារសិក្សាបានសាងសងឡើងជាច្រើនឆ្នាំមកហើយ រហូតមកដល់បច្ចុប្បន្ននេះ មានអគារមួយខ្នងនេះទទួលរងទ្រុឌទ្រោម ប្រេះជញ្ជាំង បាក់បែក ពុកផុយ ទ្វារបង្អួចអស់ហើយ ជួបការលំបាក សិស្សចូលរៀន ព្រួយបារម្ភ ខ្លាចបាក់ធ្លាក់ រងគ្រោះដល់សិស្សចូលរៀនក្នុងថ្នាក់។
បើតាមមាតាបិតាសិស្សបានឲ្យដឹងថា នៅក្នុងមូលដ្ឋានរបស់គាត់មានតែសាលាបឋមសិក្សាខាងលើ ដែលបង្កឲ្យកូនចៅរបស់ពួកគាត់ មានលទ្ធភាព ចូលរៀនសូត្រ ជាថ្នាលបណ្តុះវិជ្ជា បង្កើនូវធនធានមនុស្ស បើខុសពីសាលាខាងលើ មានតែនៅឆ្ងាយៗ ក្មេងៗ ជួបការលំបាកធ្វើដំណើរទៅរៀនសូត្រ មកដល់ពេលនេះ សាលាខាងលើ មានអគារមួយខ្នង ទទួលរងភាពទ្រុឌទ្រោម បង្កឲ្យព្រួយបារម្ភ ខ្លាចគ្រោះថ្នាក់ដល់កូនចៅ។
បញ្ហាក្តីកង្វល់ របស់សិស្សានិស្សិត លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស សំណូមពរដល់ ស្ថាប័នពាក់ព័ន្ធ សប្បុរសជន មេត្តាជួយស្រោចស្រង់ អគារ របស់សាលារៀនខាងលើនេះផង ដើម្បីផ្តល់ភាពកក់ក្តៅដល់សិស្ស លោកគ្រូអ្នកគ្រូ ចូលរៀនក្នុងអគារមួយនេះ៕
មតិយោបល់