ព័ត៌មានជាតិ

ព្រះរាជអាជ្ញារង ស្រី ម៉ាកនី ដោះលែងជនសង្ស័យ ពាក់ព័ន្ធរឿងហិង្សា២នាក់ ទុកម្នាក់ ដាក់មណ្ឌលបន្សាបគ្រឿងញៀន

ភ្នំពេញៈ ក្រោយពីសមត្ថកិច្ចខណ្ឌសែនសុខ ចាប់ខ្លួន កសាងសំណុំរឿង ពាក់ព័ន្ធករណីហិង្សា បញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ជនសង្ស័យ ២នាក់ ត្រូវបានលោកព្រះរាជអាជ្ញារង ស្រី ម៉ាកនី សម្រេចដោះលែង ខណៈជនសង្ស័យម្នាក់ ត្រូវបាន បញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន បើយោងតាមការឲ្យដឹងពីសមត្ថកិច្ចខណ្ឌសែនសុខ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ។

ប្រភពបន្ថែមថា ជនសង្ស័យដែលត្រូវ លោកព្រះរាជអាជ្ញារង ស្រី ម៉ាកនី ដោះលែង
-ទី១ឈ្មោះ ស៊ូ ដាណេ ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរ អ្នកចំម្រៀង ស្នាក់នៅបន្ទប់ជួលលេខ៣ ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រងរបួសជាំ លើស្មងដៃ និងហើមពេញខ្លួន។

-និងទី២ឈ្មោះ អ៊ុច រតនា ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរ មេផ្ទះ ស្នាក់នៅបន្ទប់ជួលលេខ៧ ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ចំណែកជនសង្ស័យឈ្មោះ អឿ សម្បត្តិ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ អាជីវករ ស្នាក់នៅបន្ទប់ ជួលលេខ៧ ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន។

ពាក់ព័ន្ធ ករណីនេះ អ្នកកាសែត បានព្យាយាម សុំការបញ្ជាក់ពីលោកព្រះរាជអាជ្ញារង ស្រី ម៉ាកនី តាម Telegram ប៉ុន្តែលោកមិនឆ្លើយតបសំនួរ ដែលលោកទទួលបានរួចហើយ។

សូមបញ្ជាក់ថា ក្រុមជនសង្ស័យ ពាក់ព័ន្ធសំណុំរឿងហិង្សា ចំនួន ៣នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ ដើម្បីចាត់ការតាមច្បាប់។

គួររំលឹកថា សមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាល ភ្នំពេញថ្មី បានឃាត់ខ្លួនក្រុមជនសង្ស័យ ទាំង ៣នាក់ ខាងលើ កាលពីល្ងាចថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ នៅក្នុង ករណីហិង្សា ដោយចេតនា វាយតប់ គ្នាទៅវិញទៅមក នៅចំណុចបន្ទប់ជួល ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

មតិយោបល់