ព័ត៌មានជាតិ

កិច្ចប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍ព្រឹទ្ធសភាមានការចូលរួមពីគណបក្សសម រង្ស៊ី និងគណបក្សប្រជាជនកម្ពុជា

ភ្នំពេញៈ គណៈកម្មាធិការអចិន្រ្តៃយ៍ ព្រឹទ្ធសភា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំអចិន្រៃ្តយ៍របស់ខ្លួន ក្រោមវត្តមានសម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងមានការចូលរួមពិនិត្យ ពិភាក្សាពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសមរង្ស៊ី។

កិច្ចប្រជុំនេះ ត្រូវបានលោក ម៉ម ប៊ុននាង អ្នកនាំពាក្សព្រឹទ្ធសភាមានប្រសាសន៍ឱ្យដឹងនៅក្រោយកិច្ចប្រជុំថា “គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃពុធទី២៩ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង០៨:០០នាទីព្រឹក ដើម្បីប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣”។

លោកក៏បានឱ្យដឹងទៀតថា របៀបវារៈ នៃកិច្ចប្រជុំវិសាមញ្ញព្រឹទ្ធសភា នៅថ្ងៃនោះមានដូចជា៖
១-ការប្រកាសសមាជិកព្រឹទ្ធសភាថ្មី ,២-ពិនិត្យ និងឲ្យយោបល់សេចក្តីព្រាងច្បាប់ ស្តីពី យុតិ្តធម៌អនីតិជន ៣-ពិនិត្យនិងឲ្យយោបល់សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា និងរដ្ឋាភិ-បាលហុងគ្រី ស្តីពី ការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ ៤-ការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី១, ទី៤ និងទី៧ ព្រឹទ្ធសភា។

លោកបញ្ជាក់ថា លើសពីនេះកិច្ចប្រជុំបានយករបៀបវារៈសំខាន់មួយចំនួនទៀតមកពិភាក្សាគឺ សេចក្តីព្រាងច្បាប់ស្តីពីអនិតិជន សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ស្តីពី ការជំរុញ និងការការពារទៅវិញទៅមកនៃការវិនិយោគ។ កិច្ចប្រជុំក៏បានប្រកាសទទួស្គាល់លោក មុត ខៀវ ជាសមាជិកព្រឹទ្ធសភាថ្មីជ្រើសតាំងដោយរដ្ឋសភា ជំនួសសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលត្រូវទទួលភារកិច្ចថ្មី។ ពិភាក្សាលើនិតិវិធីបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី១ ទី៤ និងទី៧ ព្រឹទ្ធសភា៕

មតិយោបល់