ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិចិន ៣នាក់ ពីបទបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់ និងរងរបួសអ្នកដទៃ ចំនួន៣ករណី ត្រៀមបញ្ជូនទៅសាលាដំបូងខេត្ត

ព្រះសីហនុៈ ករណីទី១៖ នៅ​​វេលាម៉ោង​ ២ និង៣០នាទី​រសៀលថ្ងៃ​ទី​១០ ខែ​សីហា​​​​​ ឆ្នាំ​២០១៨​ កម្លាំងការិយាល័យនគរបាល​ ចរាចរណ៍​ផ្លូវ​គោក​ បាន​បញ្ជូនខ្លួន​អ្នកបើកបរ​រថយន្ត​ ជនជាតិ​ចិន​ ឈ្មោះ WANG HUAN​ ភេទប្រុស អាយុ៣៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E89930490 មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ទៅ​កាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ ដើម្បី​ចាត់​ចែង​តាម​នីតិវិធី​ច្បាប់​ ដែល​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​កាល​ពី​ថ្ងៃ​ទី​០៨​ ខែ​សីហា​ ឆ្នាំ​២០១៨​ ត្រង់ចំណុច​ កាស៊ីណូ​ ហ្គោលឌែន​ ស្ថិតនៅ​ក្នុង​ភូមិ​៤​ សង្កាត់​លេខ​៤​ ក្រុង​/ខេត្ត​ព្រះសីហនុ​ បើករថយន្ត​ថយក្រោយ​ បុក​ទ្វារ​កញ្ចក់​ និង​បុកអ្នកថ្មើរជើង​ឈ្មោះ ហ៊ុន សុផល ភេទប្រុស អាយុ៥១ឆ្នាំ បណ្ដាល​ឲ្យ​រងរបួស​ជើងធ្ងន់។

ករណីទី២៖ នៅ​វេលាម៉ោង ៧ និង១០នាទីយប់ថ្ងៃ​ទី​៩ ខែ​សីហា​​​​​ ឆ្នាំ​២០១៨​ នៅលើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ១៤៨-១៤៩​ ស្ថិតនៅ​ក្នុង​ភូមិ​គីរីវ័ន​ ឃុំ​ស្ទឹងឆាយ​ ស្រុក​កំពង់សិលា​ ខេត្ត​ព្រះសីហនុ​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត​១គ្រឿង​ម៉ាក​ HIGHLANDER​ ពណ៌​ ទឹកប្រាក់​ ពាក់ស្លាកលេខ​ភ្នំពេញ​2P-2033 បើកបរ​ដោយ​ឈ្មោះ​ FANG GUANG FENG ភេទ​ ប្រុស​ អាយុ​ ៤៣ឆ្នាំ​ ជនជាតិ​ចិន​ កាន់​លិខិត​ឆ្លងដែន​លេខ​ EC3926985 មុខរបរ​ លក់​ដូរ​ ស្នាក់នៅ​ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​ មានទិសដៅ​ពី​ភ្នំពេញ​ ឆ្ពោះ​មក​ខេត្តព្រះសីហនុ​ លុះដល់ចំណុចខាងលើ ​ក៏​បាន​បុក​នឹង​ម៉ូតូ​ ១គ្រឿង​ម៉ាក​ HONDA​ C125 ពណ៌​ ខ្មៅ​ ពាក់ស្លាកលេខ​តាកែវ​1F-1868 បើកបរ​ដោយ​ឈ្មោះ​ ទិត​ សុជា​ ភេទ​ ប្រុស​ អាយុ​ ៣១ឆ្នាំ​ មុខរបរ​ លក់តាប៉ែ​ មានទីលំនៅ​ភូមិ​ត្រពាំង​ ឃុំ​ស្រែអំបិល​ ស្រុក​ស្រែអំបិល​ ខេត្ត​កោះកុង​ (ទិសដៅ​ផ្ទុយ​គ្នា​)​ បណ្ដាលឲ្យ​អ្នក​បើកបរ​ម៉ូតូ​ខ្ទាត​មក​លើ​ផ្លូវ​ ក៏​មាន​រថយន្ត​ ១គ្រឿង​ទៀត ​ម៉ាក​ TOYOTA VIP ពណ៌​ស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2AB-3073 ជាកម្មសិទ្ធ​របស់​ក្រុមហ៊ុន​ មេគង្គ​អ៊ិច​ប្រេស​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​កិន​ពី​លើ​អ្នក​បើក​បរ​ម៉ូតូ​បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង​ ។ ចំណែក​រថយន្ត​ម៉ាក​ HIGHLANDER​ រត់​គេច​ រហូត​ដល់​ ចំណុច​មុខ​រោចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ស្ថិតនៅ​ក្នុង​ភូមិ​បិតត្រាង ឃុំ​បិតត្រាង ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បិតត្រាង​ ស្ទាក់​ចាប់​បាន​ទាំង​រថយន្ត​ និង​ អ្នកបើកបរ​បើកបរ​ ។ ចំណែក​អ្នកបើកបរ​រថយន្ត​ TOYOTA VIP រត់​គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​ ។

+អ្នកបើកបរ​រថយន្ត​ឈ្មោះ​ FANG GUANG FENG ត្រូវសមត្ថកិច្ចបាន​នាំ​ខ្លួន​មក​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។
​​ +វត្ថុតាង​រថយន្ត​TOYOTA VIP ​​ និង​ ម៉ូតូ​ ១គ្រឿង​​ បានយក​មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កំពង់សីលា​ និង​រថយន្ត​ម៉ាក​ HIGHLANDER​ បានយក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ។

ករណីទី៣៖ នៅវេលាម៉ោង១ និង១០នាទី​ទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ លើផ្លូវឯករាជ្យ ត្រង់ចំណុចស្តុប៣៣៣ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្ត១​គ្រឿងម៉ាក LEXUS RX300 ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ2B-3687 បើកបរដោយឈ្មោះ CHENG GIMAN ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន សញ្ជាតិចិន កាន់លិខិតឆ្លងដែនលេខE00498881 (គ្មានប័ណ្ណបើកបរ និងមិនសហការជាមួយសមត្ថកិច្ច ក្នុងការពិនិត្យជាតិអាកុល ) មុខរបរលក់ដូរ ស្នាក់នៅភូមិ២ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅពីលិច ឆ្កោះទៅកើត ។ លុះមក ដល់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្ត១ គ្រឿង ម៉ាក PORSCHE ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-3336 អ្នកបើកបរដោយឈ្មោះ PERERA WPATABENDEGE S.N ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិស្រីលង្កា សញ្ជាតិស្រីលង្កា កាន់លិខិតឆ្លងដែនលេខN6652131 មុខរបរអគ្គនាយកក្រុមហ៊ុន ស្នាក់នៅភូមិ១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានទិសដៅស្របគ្នា។

+ករណីគ្រោះថ្នាក់នេះ មិនបង្កឲ្យមានមនុស្សរងរបួសទេ តែបណ្ដាលឲ្យខូចខាតរថយន្តទាំងសងខាងកម្រិតធ្ងន់ ត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក។
+ដោយសារអ្នកបើកបរបង្កហេតុ ជាជនជាតិចិនដូចមានឈ្មោះខាងលើ មិនព្រមសារភាព និងបានប្រាប់សមត្ថកិច្ចថា ខ្លួនគេមិនមែនជាអ្នកបើកបរទេ អ្នកបើកបរគឺ ជានារីខ្មែរម្នាក់ដែលរូបគេស្គាល់នៅហាងផឹកស៊ី​ (មិនស្គាល់ឈ្មោះ) ជាអ្នកជូនរូបគេ ទៅរកកន្លែងដេក ។ ​
+ក្រោយពីបានធ្វើការស្រាវជ្រាវ និងមានសាក្សីបញ្ជាក់ កម្លាំងជំនាញបានសន្និដ្ឋានថា អ្នកបើកបររថយន្តម៉ាក LEXUS RX300 បង្កគ្រោះថ្នាក់ចរាចរណ៍
ជាជនជាតិចិនឈ្មោះ CHENG GIMAN ភេទប្រុស ពិតប្រាកដមែន ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងរៀបចំសំណុំរឿង បញ្ចូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់