ព័ត៌មានជាតិ

អាសូរណាស់! បុរសវ័យចំណាស់ម្នាក់ លង់ទឹកស្រះស្លាប់ចោលប្រពន្ធ..

កណ្ដាល: កាលពីវេលាម៉ោង ៥ និង២០នាទីល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ មានករណីបុរសវ័យចំណាស់ម្នាក់ លង់ទឹកស្លាប់ នៅចំណុចស្រះទឹកអន្លង់នាងដី ភូមិស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ស៊ន ឆេង ភេទ ប្រុស អាយុ ៦៣ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិកំពុងតាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

តាមការបំភ្លឺពីប្រពន្ធជនរងគ្រោះ ឈ្មោះ សេង ផាន មុនពេលកើតហេតុ វេលាម៉ោង ២ និង៣០នាទីល្ងាច ជនរងគ្រោះ បានដើរចេញពីផ្ទះទៅងូតទឹកក្នុងស្រះទឹកអន្លង់នាង ស្ថិតក្នុងភូមិស្រុកចេក ឃុំបឹងខ្យាង តែម្នាក់ឯង លុះដល់វេលាម៉ោង៥ និង២០នាទីល្ងាចថ្ងៃដដែល មិន ឃើញជនរងគ្រោះមកផ្ទះវិញ ទើបគាត់បានដើររកជនរងគ្រោះ ស្រាប់តែប្រទះឃើញជនរងគ្រោះ បានលង់ទឹកស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ជូនសមត្ថកិច្ច។

ក្រោយទទួលបានដំណឹងភ្លាម កម្លាំងជំនាញ កម្លាំងប៉ុស្តិ៍អាជ្ញាធរមូលរដ្ឋាន និងគ្រូពេទ្យ បានចុះមកដល់កន្លែងកើតហេតុ និងធ្វើការពិនិត្យទៅលើសាកសព ឃើញថា សពពិតជាស្លាប់ ដោយសារលង់ទឹកប្រាកដមែន ទើបប្រគល់សពជូនក្រុមគ្រួសារសពយក ទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់