ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកនិងម៉ូតូ បណ្ដាលឲ្យបុរសជាកម្មកររោងចក្រម្នាក់រងរបួសធ្ងន់ ដោយស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ កាលពីវេលាម៉ោង ៥ និង៥៥នាទីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុង ត្រង់ចំណុចផ្លូវកោង ជាប់ស្រះទឹកមុខវត្តជន្លង់ម្លូ ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ។
រថយន្តបង្កម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-0483 អ្នកបើកបរ ចុះរត់គេចខ្លួនបាត់ ។ ចំណែក ម៉ូតូរងគ្រោះ ម៉ាក ហុងដា សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1G-4443 បើកបរដោយឈ្មោះ ស្តុក សុខ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ កម្មកររោងចក្រកញ្ចក់ តាមផ្លូវ៣០ម៉ែត្រ ស្នាក់នៅ សង្កាត់ព្រៃស ខណ្ឌដង្កោ មានទីលំនៅភូមិក្រាំងស្យា ឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រងរបួសបែកក្បាល ធ្លាយពោះវៀនចេញមកក្រៅ ហើយបានស្លាប់ ក្រោយពីដឹកបញ្ជូនដល់មន្ទីរពេទ្យ ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូ តាមបណ្តោយផ្លូវបេតុងខាងលើ ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ដោយសារស្ថានភាពផ្លូវកោង ហើយមានរបងថ្មបាំង ម្ខាងទៀត មិនប្រុងប្រយ័ត្ន បានបុកជាមួយរថយន្តសាំយ៉ុង បើកច្រាសទិស បណ្តាលឲ្យរងរបួសធ្លាយពោះវៀន បែកក្បាល ហើយរថយន្តព្យាយាម បើករត់គេច រហូតដល់ភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ដឹងថាមិនស្រួល ពលរដ្ឋដេញតាម ទើបឈប់រថយន្ត ចុះរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះ ដឹកបញ្ជូនទៅមន្ទីរព្រះកុសុមៈ តែជាអកុសលក៏បានស្លាប់បាត់ជីវិត ដោយសារស្ថានភាពធ្ងន់ធ្ងរពេក នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃដដែល ។
ករណីខាងលើ វត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញ ចុះទៅវាស់វែង រួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ជើងគោកក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់