ព័ត៌មានជាតិ

ចោរថ្លើមធំ កាត់សោផ្ទះយកម៉ូតូ២គ្រឿង ដោយសុវត្ថិភាព

ភ្នំពេញៈ ម៉ូតូចំនួន២គ្រឿង មួយគ្រឿងម៉ាក ស្កុបពី និងមួយគ្រឿងទៀតម៉ាក និច ត្រូវបានជនសង្ស័យធ្វើសកម្មភាពលួចកាត់សោផ្ទះ ចូលយកដោយសុវត្តិភាព ខណៈដែលម្ចាស់ដេកលើផ្ទះជួលជាន់ទី១ ភូមិ៨ ចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រហូតដល់វេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ទើបដឹងថា បាត់ ទើបរត់ទៅប្តឹងនគរបាលប៉ុស្តិ៍កាកាប។

ប្រភពឲ្យដឹងថា ម៉ូតូទាំងពីរគ្រឿង ដែលចោរលួចយកទៅបាត់ មួយគ្រឿងម៉ាក ស៊ុយហ្ស៊ីគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FC-9058 មានម្ចាស់ ជាជនរងគ្រោះ ឈ្មោះ ថាប់ ពុទ្ធី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ សិស្សសាលាអង្គការ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើតភូមិថ្លុកជ្រៅ ឃុំអញ្ចាញរូង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ ចំណែកម៉ូតូ មួយគ្រឿងទៀត ម៉ាកស្កូបពី ពណ៌ទឹកសមុទ្រ មិនចាំស្លាកលេខ មានម្ចាស់ស្នាក់នៅផ្ទះជួលខាងលើ មិនស្គាល់ឈ្មោះ ខណៈមិនទាន់មកប្តឹងនគរបាលនៅឡើយ។

តាមសម្តីជនរងគ្រោះ ឈ្មោះ ថាប់ ពុទ្ធី បានឲ្យដឹងថា មុនកើតហេតុ កាលពីយប់ថ្ងៃទី២៤ ខែមិថុនា ខ្លួនបានចតម៉ូតូនិច ទុកដាក់ ជាប់ជាមួយម៉ូតូ ស្កុបពីរបស់អ្នកស្នាក់នៅផ្ទះជួលនោះដែរ រួចឡើងទៅដេកសម្រាកក្នុងបន្ទប់ជួលជាន់ទី១ រួមជាមួយមិត្តភ័ក្រ ម្នាក់ទៀត ដែលទើបមកលេង មានឈ្មោះ ពៅ វិបុល ភេទប្រុស អាយុ២៨ឆ្នាំ រៀននៅសាលាភូមិន្ទកសិកម្មចំការដូង មានស្រុកកំណើត ភូមិ ឃុំជាមួយគ្នា។ ជនរងគ្រោះបន្តទៀតថា រាល់ថ្ងៃទៅហើយ ម៉ូតូទាំង២គ្រឿង ចតទុកដាក់នៅខាងក្រោម ម្ចាស់សម្រាកនៅជាន់លើ ទើបតែនៅថ្ងៃកើតហេតុ វេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនានេះ ស្រាប់តែ មានជនសង្ស័យ កាត់សោផ្ទះជួល ចូលលួចម៉ូតូទាំង២គ្រឿងទៅបាត់។

ក្រោយកើតហេតុ ជនរងគ្រោះម្នាក់ ជាម្ចាស់ម៉ូតូនិច បានត្រឹមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កាកាប ខណ្ឌពោធិ៍សែនជ័យ ដើម្បីឲ្យសមត្ថកិច្ចជួយស្រវជ្រាវ៕

មតិយោបល់