កណ្តាលៈ កូនៗនិងប្រជាពលរដ្ឋលើកគ្នាតវ៉ាទាមទារដី ដែលឪពុកប្រគេនព្រះសង្ឃយកទៅដាក់ជាសម្បត្តិរួម បន្ទាប់ពីឮថា ព្រះសង្ឃអង្គនោះមានគម្រោងយកដីនោះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ប្រជាពលរដ្ឋប្រមាណជិត១០០នាក់ បានលើកគ្នាតវ៉ាទាមទារ ដីមួយកន្លែង ដែលមានទំហំ៧៥០ម៉ែត្រការ៉េ ដែលស្ថិតនៅក្នុងភូមិចំបក់ទ្រព្យ ឃុំព្រៃរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល យកមកដាក់ជាសម្បត្តិរួមវិញ បន្ទាប់ពីលោកតាម្នាក់ម្ចាស់ដីបានប្រគេនដីនេះទៅឲ្យព្រះសង្ឃមួយអង្គកសាងសាលាឆទាន និងទីសក្ការៈសម្រាប់ទុកជាគរុភណ្ឌ ប៉ុន្តែក្រោយមកលេចឮថា ព្រះសង្ឃអង្គនោះមានបំណងយកធ្វើជាសម្បត្តិផ្ទាល់ខ្លួន ដើម្បីពុះលក់ទៅឲ្យអ្នកមានទ្រព្យធនធ្វើម៉ុងបញ្ចុះសព។
លោក វ៉ាត់ សោភ័ណ ជាកូនទី៥ ក្នុងចំណោមកូនទាំង៨នាក់ របស់លោកតា លេ វ៉ាត់ បានប្រាប់ថា កាលពីដើមឆ្នាំ២០១៥កន្លងទៅ ឪពុករបស់លោក និងបងប្អូនរបស់លោកទាំងអស់ បានឯកភាពគ្នាប្រគល់ដីកេរដូនតាមួយប្លង់ទំហំ៧៥០ម៉ែត្រការ៉េនេះ ទៅឲ្យព្រះសង្ឃមួយអង្គព្រះនាម ឱក សារិន្ទ គង់នៅវត្តទន្លេបាទី ដើម្បីកសាងសាលាឆទាន និងជាទីសក្ការៈផ្សេងៗ ទុកសម្រាប់ឲ្យប្រជាពុទ្ធបរិស័ទគោរពបូជា។
ក្រោយពីលោកតា ឱក សារិន្ទ បានចាប់ផ្តើមកសាងជាងមួយឆ្នាំ ស្រាប់តែកាលពីខែឧសភា ២០១៦កន្លងទៅនេះ លោកតា ឱក សារិន្ទ
បានយកប្លង់ដីនោះទៅផ្ទះលោកមេភូមិ ដើម្បីឲ្យមេភូមិជួយកាត់ប្លង់ផ្ទេរកម្មសិទ្ធិដាក់ឈ្មោះរបស់លោកតាវិញ។ ដោយសារតែរឿងដូច្នេះ ហើយទើបបានជាកូនចៅ និងប្រជាពលរដ្ឋក្នុងភូមិ កើតទុក្ខមិនសុខចិត្ត នាំគ្នាតវ៉ា ព្រោះដីនោះ គឺគ្រួសាររបស់លោកបានប្រគល់សិទ្ធិឲ្យលោកតាកសាងទីសក្ការៈមែន ប៉ុន្តែមិនមែនមានន័យថា ឲ្យលោកតា ឱក សារិន្ទ ធ្វើជាកម្មសិទ្ធិនោះទេ គឺទុកជាសម្បត្តិរួម។
លោក ផាន់ ទី មេភូមិភូមិចំបក់ទ្រព្យ បានឲ្យដឹងដែរថា លោកតា លេ វ៉ាត់ និងកូនចៅពិតជាបានប្រគល់ដីនេះ ទៅឲ្យព្រះសង្ឃព្រះនាម ឱក សារិន្ទ កសាងធ្វើជាទីសក្ការៈបូជាមែន ហើយលោកមេឃុំក៏បានអនុញ្ញាតដែរ។ ប៉ុន្តែឲ្យសាងសង់ត្រឹមតែសាលាឆទានប៉ុណ្ណោះ មិនឲ្យកសាងសមិទ្ធិផលអ្វីឲ្យធំដុំនោះទេ ហើយក៏មិនអនុញ្ញាតឲ្យព្រះសង្ឃគង់នៅលើសពី៣រាត្រីដែរ ព្រោះមានវត្តមួយនៅក្បែរនេះ។ លោកក៏បានបញ្ជាក់ដែរថា ពលរដ្ឋលើកគ្នាមកពេលនេះ គឺទាមទារឲ្យព្រះសង្ឃ ឱក សារិន្ទ បញ្ឃប់ការសាងសង់ ព្រោះយល់ថា ព្រះសង្ឃអង្គនោះ មានគំនិតមិនល្អ ចង់យកដីនោះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ខុសពីការសន្យាជា មួយម្ចាស់ដី និងប្រជាពលរដ្ឋ ហើយក្នុងនាមអាជ្ញាធរ នៅពេលកូនចៅរបស់លោកតា លេ វ៉ាត់ ដែលជាកូនស្នងមរតកប្រឆាំងដូច្នេះ លោកមិនហ៊ានចុះហត្ថលេខាផ្ទេរសិទ្ធិឲ្យបានឡើយ។
ចំណែកឯព្រះតេជគុណ ឱក សារិន្ទ បានមានសង្ឃដីកាថា តាមពិតទៅដីនោះលោកតា លេ វ៉ាត់ បានប្រគេនមកឲ្យអាត្មាកសាងធ្វើជាទីសក្ការបូជា ពុំមែនអាត្មាទៅបង្ខិតបង្ខំគាត់នោះទេ ហើយដីនោះទៀត ជាកម្មសិទ្ធីរបស់លោកតា លេ វ៉ាត់ ដែលសល់ពីការចែកទៅឲ្យកូនៗ។ ព្រះអង្គបានបញ្ជាក់ថា អាត្មាគ្មានបំណងយកដីនោះមកធ្វើជាកម្មសិទ្ធី ឬ លក់ទៅឲ្យគេធ្វើម៉ុង ដូចជាការចោទប្រកាន់នោះទេ តាមពិតអាត្មាគ្រាន់តែ ទៅសុំច្បាប់សាងសងពីអាជ្ញាធរប៉ុណ្ណោះ ហើយបើលោកតាលេ វ៉ាត់ ពិតជាបានជំទាស់មែននោះ អាត្មាក៏មិនទៅធ្វើទៀតដែរ ប៉ុន្តែ ក៏លោកស្តាយដែរ ព្រោះបានចំណាយបច្ច័យកសាងអស់រាប់ម៉ឺនដុល្លារទៅហើយនោះ បែរជាជួបរឿងដូច្នេះ។
ទាក់ទងនឹងបញ្ហានេះ យើងមិនអាចសុំការបំភ្លឺពីសំណាក់លោកតា លេ វ៉ាត់ ដែលជាម្ចាស់ដីនោះឡើយ៕
មតិយោបល់