ព័ត៌មានជាតិ

LEXUS GX-470​ បើកបរក្នុងល្បឿនលឿន រេចង្កូតទៅបុកទ្រូងផ្លូវពេញទំហឹង​

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្ត LEXUS GX-470 មួយគ្រឿង បើកក្នុងល្បឿនលឿន បានជ្រុលចង្តូតទៅបុកទ្រូងផ្លូវ បណ្ដាលឲ្យ​រងការខូចខាតអស់ចំនួន១កង់ រីឯរយន្តវិញខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងបែកកញ្ចក់មុខផងដែរ។

ហេតុការណ៍គ្រោះនេះ កើតឡើងនៅវេលាម៉ោង០០ និង១០នាទីយប់រំលងអធ្រាត្រ​ ឈានចូលថ្ងៃច័ន្ទ​ ទី១៣ ខែសីហា ឆ្នាំ២០១៨ (ត្រង់ចំណុចទល់មុខ​ក្រសួងវប្បធម៌ ​និងវិចិត្រសិល្បះ ជិតស្ពានអាកាសក្បាលថ្នល់) តាមបណ្តោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​។

តាមសាក្សីនៅក្បែរកន្លែងកើតហេតុ បានរៀបរាប់ប្រាប់​ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ រថយន្តមួយគ្រឿង ម៉ាក LEXUS GX-470 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ​ 2AG-1902 បើកបរដោយបុរស​មិនស្គាល់អត្តសញ្ញាណម្នាក់ ដែលមានឈុតមន្ត្រីអាវុធហត្ថនៅជាប់កៅអីអង្គុយ ដែលធ្វើដំណើរតាមបណ្តោយផ្លូវជាតិ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានជ្រុលចង្កូតទៅបុកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតអស់ចំនួន១កង់ ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខ​និងបែកកញ្ចក់រថយន្តខាងមុខខ្ទេចយ៉ាងដំណំផងដែរ តែសំណាង​ល្អ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ។
ប្រភពដដែលបានបន្ត​ថា ភ្លាមនោះគេឃើញបុរស ដែលជាអ្នកបើករថយន្ត បើកទ្វារចុះមក​ ទាំងមានរបួស នៅដៃផង បានប្រញាប់ប្រញាល់​ហៅ​រ៉ឺម៉កកង់បីជិះចេញពីកន្លែងកើតហេតុ គេចខ្លួនបាត់តែម្ដង ដោយទុករថយន្តបង្ក ចោលនៅកន្លែងកើតហេតុ​ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ រួចទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួន ធ្វើការដោះស្រាយសង ការខូចខាតទ្រព្យសម្បត្តិរដ្ឋទៅតាមនិតិវិធីផ្លូវច្បាប់៕

មតិយោបល់