ព័ត៌មានជាតិ

ជន​សង្ស័យឆក់ទូរស័ព្ទ ២នាក់​ ត្រូវនារីជនជាតិចិនជាម្ចាស់ បើករថយន្ត LEXUS ដេញបុកផ្ទប់នឹងជញ្ចាំងផ្ទះ រងបួសធ្ងន់

​ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវបាននារីជាជនជាតិចិន អះអាងថា បានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ខ្លួន ហើយត្រូវបាននាង បើករថយន្តដេញបុកផ្ទប់នឹងជញ្ចាំងផ្ទះគេ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ​ ក្អួតឈាម​ សង្ស័យតែមិនរស់ផង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃអាទិត្យ​ ទី១២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៤៥៤ កែងនឹងផ្លូវលេខ១២៣ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។

តាមប្រភពពីក្មេងប្រុសម្នាក់ ដែលបានជួយបកប្រែភាសាចិនពីស្រ្តីជនជាតិចិនទាំង២នាក់បានរៀបរាប់ប្រាប់ភ្នាក់ងារ PostNews ឲ្យដឹងថា នៅមុនពេលកើតហេតុ​ គឺ ជនសង្ស័យទាំង២នាក់ បានជិះម៉ូតូមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់គាត់ពីក្នុងរថយន្ត ខណៈកំពុងឈប់រថយន្តអែបចិញ្ចើមផ្លូវ​លេខ៤៦០ ភ្លាមៗនោះ គាត់ក៏បានបើករថយន្តដេញតាមដែរ តែតាមមិនទាន់ ។ ប៉ុន្តែដោយទូរស័ព្ទដៃគាត់ បានភ្ជាប់ប្រព័ន្ឋGPS ផងនោះ គាត់ក៏ឆែកមើលឃើញ ហើយក៏បើករថយន្តរកមើលតាមសញ្ញា Locations និងប្រព័ន្ធ​GPS ដែលលោតបង្ហាញតាមផ្លូវ រហូតមកដល់ចំណុចកើតហេតុផ្លូវ៤៥៤​ កែងផ្លូវ១២៣ ក៏ប្រទះឃើញជនសង្ស័យទាំង២នាក់នោះ កំពុងព្យាយាមជិះម៉ូតូ Scoopy ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​1CL-7241 រត់គេចហើយ ទើបគាត់បានបើករថយន្តបំបុកតែម្តង រួចរុញទៅផ្ទប់នឹងជញ្ជាំងថ្មរបងផ្ទះគេពេញទំហឹង បណ្តាលឲ្យជនជាប់សង្ស័យទាំង២នាក់​ រងរបួសធ្ងន់ធ្ងរ ដោយម្នាក់នៅសល់ដង្ហើមចង្រិត ក្អួតឈាមពេញខ្លួនទៀតផង​ និងម្នាក់ទៀតសន្លប់ស្ដូកផ្កាប់មុខ នៅហ្នឹងកន្លែងតែម្ដង ហើយក៏ឃើញទូរស័ព្ទរបស់គាត់នៅក្បែរ ជនសង្ស័យនោះដែរ​ ទើបគាត់រើសយកមកវិញ​ ដែលករណីនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ និងអ្នកដំណើរមកចោមរោមមើល​តែម្ដង។

ក្រោយមកជនសង្ស័យទាំង២នាក់នោះ​ត្រូវបានដឹកតាមរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនយកទៅសង្គ្រោះបន្ទាន់ បន្តបន្ទាប់គ្នាផងដែរ។

សូមបញ្ជាក់ថា​នៅក្នុងករណីនេះ មិនទាន់ច្បាស់លាស់នៅឡើយទេ ថាជាករណីចោរឆក់ ឬក៏យ៉ាងណា​ ខណៈដែលសមត្ថកិច្ចមូលដ្ឋាន ក៏មិនទាន់អាច​សន្និដ្ឋានប្រាប់ភ្នាក់ងារយើងឲ្យដឹងដែរ ដោយសុំរងចាំធ្វើការស្រាវជ្រាវបន្តទៀត ខណៈដែលស្រ្តីជាជនជាតិចិនទាំង២នាក់​ ត្រូវបានសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍ ដើម្បីសាកសួរសិន តែស្ថិតមានសភាពភិតភ័យពេក ទើបសមត្ថកិច្ចអនុញ្ញាតឲ្យទៅផ្ទះសម្រាកសិន ។

ចំណែកប្រជាពលរដ្ឋរស់នៅក្បែរកន្លែង ដែលបុកជនជាប់សង្ស័យ ទាំង២នាក់នោះ បាននាំគ្នាអះអាងថា ករណីនេះដូចជាមិនទំនងសោះ ហើយបានស្នើសុំឲ្យគ្រប់បណ្ដាញសារព័ត៌មានទាំងអស់ និងសមត្ថកិច្ចជំនាញមេត្តា​ បើកការស្រាវជ្រាវឲ្យបាន​លម្អិតផង​ បើអាចសុំឲ្យសមត្ថកិច្ចធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញឲ្យ​ប្រជាពលរដ្ឋ​បានដឹងច្បាស់ផង ពាក់ព័ន្ធ​ករណីខាងលើនេះ ម៉្យា​ទៀតថ្វីបើជនជាតិចិននោះ ជាអ្នករងគ្រោះក៏ដោយ តែក្នុងនាមជាជនបរទេស​ ​ពួកគេត្រូវមានប័ណ្ឌ​សំគាល់​ ឬលិខិតស្នាមអ្វី ដែលបញ្ជាក់ថា ច្បាប់ពិតបានអនុញាតិឲ្យបើកបររថយន្តផងដែរ៕

មតិយោបល់