ព័ត៌មានជាតិ

សង្ស័យស្រវឹងស្រា បុរសម្នាក់បើករថយន្តព្រូស ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់១កង់ នៅផ្លូវម៉ៅសេទុង

ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តជ្រុលចង្កូត ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់១កង់ កាលពីវេលាម៉ោង២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងនិងផ្លូវលេខ១៩៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-3586 ដែលបើកបរដោយបុរសម្នាក់ ទំនងជាស្រវឹងស្រា បានធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន តាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរបាំងថ្ម (ក្បាលនាគ) បាក់អស់១កង់ រីឯរថយន្តបង្កវិញ បានដាច់កាឡែកង់មុខផ្នែកខាងឆ្វេងយ៉ាងដំណំ តែមិនទាន់អស់ល្បឿន ក៏បន្តទៅមុខប្រហែល៣០ម៉ែត្រ ទើបឈប់ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបង្ក បានទុករថយន្តចោល ហើយឡើងជិះរថយន្តផ្សេង គេចខ្លួនបាត់ស្រមោល ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ និងទាក់ទងទៅជំនាញចរាចរណ៍ ឲ្យមកធ្វើការវាស់វែង រួចស្ទួចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់