ព័ត៌មានជាតិ

លោកមេប៉ុស្តិ៍បឹងព្រលឹត បាត់ស្លាកលេខរថយន្តរាប់ខែ ស្រាប់តែនៅរថយន្តទំនើប១ក្នុងព្រលានយន្តហោះ!

ភ្នំពេញៈ លោកនាយប៉ុស្តិ៍បឹងព្រលឹត ត្រូវចោរលួចស្លាកលេខរថយន្តរបស់គាត់បាត់អស់រាប់ឆ្នាំ ទើបប្រទះឃើញនៅជាប់នឹងរថយន្តទំនើបមួយគ្រឿងនៅក្នុងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញទៅវិញ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១០នាទីយប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញពោធិ៍ចិនតុង ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តដែលជនរងគ្រោះបាត់ស្លាកលេខនោះម៉ាកហាយឡែនឌ័រ ពណ៌ទឹកមាស ស៊េរី២០០៤ ហើយបានបាត់ពាក់ស្លាកលេខ ភ្នំពេញ 2AS-3231 ចំណែករថយន្តសង្ស័យពាក់ស្លាកលេខរបស់គាត់ដែលត្រូវលួចបាត់ម៉ាកអូឌី ស៊េរីទំនើប Q7 ពណ៌ស ។

ប្រភពពីម្ចាស់រថយន្តជានាយប៉ុស្តិ៍នគរបាលសង្កាត់បឹងព្រលឹតឲ្យដឹងថា នៅមុនកើតហេតុរថយន្តរបស់គាត់បានបាត់ស្លាកលេខដែលត្រូវជនសង្ស័យលួចគាស់នៅក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ខណៈដែលគាត់បើករថយន្តយកទៅលាងក្នុងការ៉ាស់ជិតសង្កាត់បឹងព្រលឹត ហើយក្នុងការាស់នោះមានរថយន្តច្រើនពេក និងចង្អៀត ទើបបុគ្គលិកបើកយកទៅចតនៅចិញ្ចើមផ្លូវ ស្រាប់តែត្រូវជនសង្ស័យលួចគាស់ស្លាកលេខទាំងមុខទាំងក្រោយបាត់តែម្តង ។

ប្រភពដដែលបន្តទៀតថា បន្ទាប់មកគាត់ដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងព្រលឹត ហើយបានបង្ហោះតាមហ្វេសប៊ុកឱ្យប្រជាពលរដ្ឋជួយស៊ើបសង្កេតរកស្លាកលេខខាងលើ និងមានជូនរង្វាន់ផងដែរ ប៉ុន្តែរាប់ឆ្នាំមកហើយរកពុំឃើញ ។ នៅយប់ថ្ងៃកើតហេតុ រូបគាត់បានជូនក្មួយឡើងយន្តហោះទៅប្រទេសបារាំង ខណៈដែលកំពុងដើរក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញពោធិ៍ចិនតុង ស្រាប់តែឃើញរថយន្តទំនើបម៉ាកអូឌី Q7 ពាក់ស្លាកលេខរថយន្តរបស់គាត់ដែលបាត់នោះ ។ ភ្លាមៗនោះគាត់ប្ដឹងទៅលោកអធិការខណ្ឌពោធិ៍សែនជ័យ ហើយបានបញ្ជាកម្លាំងចុះមកដល់កន្លែងកើតហេតុ តែអ្នកបើករថយន្តខាងលើគេចខ្លួនបាត់នៅសល់តែអ្នករួមដំណើរ២នាក់ប៉ុណ្ណោះ។

ក្រោយពេលកើតហេតុអ្នករួមដំណើរទាំង២នាក់ខាងលើមិនសហការជាមួយជនរងគ្រោះនោះទេ បន្ទាប់មកជនរងគ្រោះបានហៅកម្លាំងនគរបាលយករថយន្ត ព្រមទាំងអ្នករួមដំណើរយកទៅបំភ្លឺនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងព្រលឹត ដើម្បីរកដំណោះស្រាយ ៕

មតិយោបល់