ព័ត៌មានជាតិ

ពលរដ្ឋប្រមាណ១០០នាក់មកពីគ្រប់ខេត្ត ធ្វើការតវ៉ានៅមុខក្រុមហ៊ុន EBC បន្ទាប់ពីចាញ់បោកលុយអស់រាប់លានដុល្លារ

ភ្នំពេញៈ ប្រជាពលរដ្ឋប្រមាណ១០០នាក់មកពីគ្រប់ខេត្ត ក្រុងនៃព្រះរាជាណាចក្រកម្ពុជាបានមកធ្វើការតវ៉ានៅមុខក្រុមហ៊ុន EBC ដែលមានទីតាំង ក្នុងអគារជួលមួយកន្លែង ស្ថិតនៅលើ ផ្លូវ៣៣៦ កែង ផ្លូវលេខ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលការតវ៉ានេះធ្វើឡើងក្នុងបំណងឲ្យក្រុមហ៊ុន EBC សងប្រាក់មកឲ្យពួកគាត់វិញ ក្រោយពេលដែលពួកគេត្រូវបានក្រុមហ៊ុនបោកអស់រាប់លានដុល្លារនោះ។

ការតវ៉ារបស់ប្រជាពលរដ្ឋនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃទី២៧ មិថុនា ២០១៦នេះ បន្ទាប់ពីក្រុមហ៊ុនមិនបានទូទាត់ បា្រក់សំណងដែលក្រុមអ្នកតវ៉ាបានដាក់តម្កល់ក្នុងក្រុមហ៊ុនជាថ្នូរទៅនឹងបានការប្រាក់១០% តាមការសន្យារបស់ក្រុមហ៊ុន។ ប៉ុន្តែមកដល់ពេលនេះ ក្រុមហ៊ុនដែលដឹកនាំដោយឈ្មោះ ហួត សុវណ្ណ នាយកប្រតិបត្តិ និងឈ្មោះ ជី ហ្គោសាលី អត់ព្រមសងប្រជាពលរដ្ឋទេ។

ប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគេជាជនរងគ្រោះមកពីគ្រប់ខេត្ត ក្រុងនៃព្រះរាជាណាចក្រកម្ពុជា បានបង់លុយឲ្យទៅក្រុមហ៊ុនម្នាក់ៗយ៉ាងតិចណាស់ពី៣០០០ទៅរាប់ម៉ឺនដុល្លារ ដោយអ្នកខ្លះបានលក់គោ ក្របីដើម្បីយកលុយមកដាក់នៅក្រុមហ៊ុននេះបានប្រាក់ការស៊ី។

ប្រជាពលរដ្ឋបានបន្តឲ្យដឹងថា ក្រុមហ៊ុនឲ្យការប្រាក់១០%បែបនេះហើយ ទើបប្រជាពលរដ្ឋលក់គោ ក្របី ជ្រូក មាន់ ទា លុយមកដាក់ឲ្យក្រុមហ៊ុន។ មុនដំបូងពួកគាត់ដាក់ប្រាក់១០០០០ដុល្លារ គាត់ទទួលបានការប្រាក់១០០០ដុល្លារ ឃើញដូច្នេះប្រជាពលរដ្ឋជាច្រើននាក់ទៀតក៏បានតាមគ្នា ដោយអ្នកខ្លះយកប្លង់ដី ផ្ទះទៅដាក់ធនាគារថែមទៀត។ ប៉ុន្តែនៅពេលយកការប្រាក់បានតែ២ទៅ៣ខែ ក៏ស្រាប់តែក្រុមហ៊ុនលែងផ្តល់ប្រាក់ការនោះតែម្តង ដោយថា ចាំខែនេះ ចាំខែនោះរហូត។ លុះមកដល់ព្រឹកថ្ងៃទី២៧ មិថុនានេះ ពោលគឺក្រោយពីក្រុមហ៊ុន បានបង្ហោះព័ត៌មានតាមប្រព័ន្ធសង្គមហ្វេសប៊ុក ដូចសព្វមួយដង ថានៅថ្ងៃទី២៧ មិថុនានេះក្រុមហ៊ុនទូទាត់ប្រាក់ឲ្យនោះទើបពួកគាត់មកក្រុមហ៊ុនខាងលើតែម្តង ប៉ុន្តែដឹងអី ពេលមកដល់ក្រុមហ៊ុន មិនឃើញស្រមោលនាយកក្រុមហ៊ុន ឬអ្នកទទួលខុសត្រូវឡើយ ពោលគឺក្រុមហ៊ុនត្រូវបានបិទទ្វារតែម្តង។

ប្រជាពលរដ្ឋបន្តថា ពួកគាត់លែងចង់បានការប្រាក់អីគេនោះទៀតហើយ គឺពួកគាត់ចង់បានតែប្រាក់សុទ្ធរបស់ពួកគាត់មកវិញតែប៉ុណ្ណោះ។ ដូច្នេះហើយពួកគាត់សុំស្នើទៅសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ដោះស្រាយជូនពួកគាត់ផង បើមិនដូច្នេះទេពួកគាត់ច្បាស់ជាស្លាប់មិនខានឡើយ។ ជាងនេះទៅទៀតពួកគាត់ក៏បានទាមទារឲ្យអាជ្ញាធរផ្តន្ទាទោសជនទាំងពីរខាងលើតាមច្បាប់ផងដែរ។

មន្ត្រីប៉ូលិសខណ្ឌទួលគោកបានឲ្យដឹងថា ក្រុមហ៊ុនខាងលើ បានបិទទ្វារប្រមាណ៣ខែមកហើយ ហើយក៏មានប្រជាពលរដ្ឋជាច្រើននាក់ពិសេសភាគច្រើន គឺប្រជាពលរដ្ឋមកពីបណ្តាខេត្ត បានមកដល់ទីនេះ ដើម្បីជំរុញឲ្យក្រុមហ៊ុនសងលុយមកពួកគាត់វិញ ប៉ុន្តែមិនបានផលមកវិញទេ បានត្រឹមតែទឹកភ្នែកត្រឡប់ទៅផ្ឋះវិញ។

គួររំឮកថា កាលពីខែមិថុនា ២០១៥ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ឲ្យក្រុមហ៊ុនខាងលើ សងប្រាក់ទៅប្រជាពលរដ្ឋវិញ ប៉ុន្តែក្រុមហ៊ុននេះ មិនអនុវត្តន៍តាម ដោយតំណាងក្រុមហ៊ុនគ្រាន់តែនិយាយថា ចាំថ្ងៃនេះថ្ងៃនោះ រហូតមកដល់ពេលនេះមានរយៈពេល ជាងមួយឆ្នាំហើយ ក្រុមអ្នកតវ៉ាទាំងនោះ មិនទាន់ទទួលបានលុយ សូម្បីតែមួយកាក់មួយសេន។ ពាក់ព័ន្ធនឹងរឿងនេះត្រូវបានប្រភពនៅកន្លែងតវ៉ានោះបានឲ្យដឹងថា ឈ្មោះហូត សុវណ្ណ និង ជី ហ្គោសាលី បានយកលុយពីអតិថិជនជាង៤ម៉ឺននាក់ទៅទិញខុនដូ និងវីឡាយ៉ាងស្កឹមស្កៃ។

នៅថ្ងៃទី២៧ មិថុនានេះដែរ សារព័ត៌មានយើងមិនអាចសុំបកស្រាយពីខាងក្រុមហ៊ុននេះបានឡើយ៕

មតិយោបល់