ព័ត៌មានជាតិ

ភ្លៀងធ្លាក់រសៀលនេះ ព្រោះកម្ពុជា រងវិសម្ពាធទាបពីវៀតណាម

ភ្នំពេញ: នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ ទឹកភ្លៀងបានធ្លាក់ចុះស្រោចស្រពទូទាំងរាជធានីភ្នំពេញ និងតំបន់ផ្សេងៗទៀត ដោយលាយឡំជាមួយខ្យល់កន្ត្រាក់ខ្លាំងៗ បណ្ដាលឲ្យរលំដើមឈើ បង្គោលភ្លើង អត់តែន និងផ្ទាំងប៉ាណូមួយចំនួន។ អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា ភ្លៀងធ្លាក់លាយខ្យល់ខ្លាំងនៅថ្ងៃនេះ បណ្ដាលមកពីកម្ពុជា រងវិសម្ពាធទាបនៅសមុទ្រវៀតណាម។

តួលេខបឋម គឺមានដើមឈើចំនួន១០ដើម បានដួលរលំ ហើយកម្លាំងមន្ទីរសាធារណការរាជធានី សហការជាមួយអាជ្ញាធរខណ្ឌ កំពុងកាប់ដឹកចេញ។ ចំពោះទឹកភ្លៀងក្នុងខណ្ឌទាំង៤ កណ្តាលរាជធានី ទឹកបានហូរទាន់ពេល មិនបណ្តាលឲ្យលិចលង់នោះទេ។

លោក អ៊ុ រីណា ប្រធាននាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក បានប្រាប់នៅប៉ុន្មាននាទីមុននេះថា កម្ពុជា កំពុងរងវិសម្ពាធទាបពីសមុទ្រវៀតណាម ទើបបណ្ដាលឲ្យមានភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយខ្យល់កន្ត្រាក់បែបនេះ ហើយស្ថានភាពខាងលើ នឹងបន្តរហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១ខាងមុខ។

“តាមពិតទៅ យើង Predict (ព្យាករ) ដំបូងថា វាអាចក្លាយជាកូនព្យុះ TD តែឥឡូវ វាវិលវល់នៅសមុទ្រវៀតណាមហ្នឹង ហើយថយឥទ្ធិពលត្រឹមវិសម្ពាធទាប តែក៏ធ្វើឲ្យខាងយើងធ្លាក់ភ្លៀងខ្លាំងដែរ យើងកំពុងតាមដានបន្តទៀត ថាវាយ៉ាងណា”។ លោក រីណា បញ្ជាក់៕

មតិយោបល់