ព័ត៌មានជាតិ

ឃុំខ្លួនបុរសផឹកទឹកប្តូរនិស្ស័យ ដែលប្រើអំពើហិង្សាលើអ្នកស្រុក

កណ្តាលៈ បុរសជនជាតិវៀតណាមម្នាក់ ដែលត្រូវនគរបាលឃាត់ខ្លួន បន្ទាប់ពីបានផឹកទឹកប្តូរនិស្ស័យ(ស្រាបៀរ) ហើយបានបង្កទំនាស់រហូតប្រើអំពើហិង្សានៅចំណុចភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាលនោះ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល លោក អ សុវណ្ណ បានសម្រេចឃុំខ្លួន ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់។

មន្រ្តីនគរបាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ង្វៀង យុាំងផាប ភេទប្រុស អាយុ២៥ឆ្នាំ ជាជនជាតិវៀតណាម មានមុខរបរជាកម្មករសំណង់ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ចំណែកជនសង្ស័យឈ្មោះ វ៉ាង សុក ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម មានមុខរបរកម្មករសំណង់ រស់នៅក្នុងភូមិឃុំជាមួយគ្នា។

នគរបាលបន្តថា ជនសង្ស័យឈ្មោះ វ៉ាង សុខ ត្រូវបានលោក ហេង ផេង ព្រះរាជអាជ្ញារងចោទប្រកាន់បទហិង្សាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។

គួររឭកថា ហេតុការណ៍អំពើហិង្សាខាងលើ គឺបន្ទាប់ពីធ្វើសំណង់ហត់នឿយបានបបួលគ្នាបន្ថែមចំនួន២នាក់ទៀត ទិញស្រាបៀរចំនួន១កេសផឹកស៊ីលេង ខណៈកំពុងផឹកនោះ ស្រាប់តែមានទំនាស់ពាក្យដីនឹងគ្នា ប៉ុន្តែ២នាក់ផ្សេងទៀត មិនទំនាស់ទេ ដោយជជែកគ្នាតឹងសរសៃកររៀងៗខ្លួន ទើបបណ្តាលឲ្យជនរងគ្រោះខឹងច្រឡោតស្ទុះទៅវាយជនសង្ស័យ។ ចំណែកជនសង្ស័យ ដោយខ្លួនមានមាឌតូចជាងជនរងគ្រោះ ក៏រត់ចេញទៅផ្ទះ ហើយជនរងគ្រោះនៅតែបន្តដេញតាមវាយ ទើបធ្វើឲ្យជនសង្ស័យទ្រាំមិនបានក៏ចូលទៅយកកូនកាំបិតចាក់ទៅជនគ្រោះត្រូវចំពោះផ្នែកខាងស្តាំ បណ្តាលឲ្យធ្លាយពោះវៀន។

ក្រោយកើតហេតុ នគរបាលប៉ុស្តិ៍ព្រែកគយ បានចុះទៅដល់ជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យនាំយកមកសាកសួរ និងបញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្អាង ដើម្បីជួយសង្រគោះអាយុជីវិតជាបន្ទាន់៕

មតិយោបល់