កំពង់ឆ្នាំងៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយបុរសម្នាក់បានស្លាប់បាត់បង់ជីវិត ពេលដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាព ក្រាំងស្គា ដែលកើតហេតុនៅលើផ្លូវ ក្រាលគ្រួសក្រហមតាមបណ្តោយផ្លូវរថភ្លើងចន្លោះពីស្ថានីយរថភ្លើងក្រាំងស្គាទៅស្ថានីយក្តុល ស្ថិតក្នុងឃុំក្រាំងស្គា ស្រុកទឹកផុស ។
តាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គួន ពៅ ជាអ្នករស់នៅរាជធានីភ្នំពេញ មុនពេលកើតហេតុបុរសខាងលើ បានជិះរថយន្តម៉ាកហ្ស្យីប A2 ពីរនាក់ប្រពន្ធពីរាជធានីភ្នំពេញទៅមើលចម្ការរបស់ខ្លួន ក្នុងឃុំក្រាំងស្គា លុះមកដល់ចំណុចកើតហេតុបានខូចរថយន្ត ទើបជនរងគ្រោះបានឈប់រថយន្តអែបស្តាំ ឱនមើលរថយន្តពីខាងក្រោម ស្រាប់តែភ្លាមនោះ មានរថយន្តមួយគ្រឿងទៀត ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-9462 បើកបរដោយជនពុំស្គាល់ឈ្មោះ បានបើកមកពីក្រោយបុករថយន្ត ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យរងរបួស ត្រូវបានដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាព ឃុំក្រាំងស្គា ប៉ុន្តែដោយសាររបួសធ្ងន់ពេក បានស្លាប់តាមផ្លូវតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យវាស់វែងនៅកន្លែង និងបានពិនិត្យសពរួច ក៏ប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តទាំងពីរគ្រឿង ត្រូវបានយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់