ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា លោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ចោរឆក់២នាក់ ជាបណ្តោះអាសន្ន រង់ចាំការកាត់ទោសនាពេលក្រោយ។
ការសម្រេចរបស់លោកចៅក្រម គឺធ្វើឡើងបន្ទាប់ពីលោក ខាំ សុផារី ជាតំណាងអយ្យការ បានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លោក ចោរទាំង ២នាក់ ពីបទ លួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) យោងតាមមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ។
បើតាមសមត្ថកិច្ចជនត្រូវចោទទី១ ឈ្មោះ ធ.វ.ហ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ ចោរ ស្នាក់នៅផ្ទះជួល ខណ្ឌមានជ័យ និងទី២ ឈ្មោះ នូវ ធូសេន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ចោរ ស្នាក់នៅផ្ទះលេខ៧១ ផ្លូវលំ ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
សូមជម្រាបជូនថា សមត្ថកិច្ចបានឃាត់ខ្លួនជនត្រូវចោទទាំង២នាក់ខាងលើកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១១យប់ នៅចំណុចផ្លូវ១៥៤ កែងផ្លូវព្រះមុន្នីវង្ស សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ឆក់ទូរសព្ទ័ដៃម៉ាក IPhoneX ពណ៌ខ្មៅ ពីជនជាតិចិនតៃវ៉ាន់។
ប្រភពបន្តទៀតថា ក្រោយពីឃាត់ខ្លួនបានយកមកធ្វើការសាកសួរជនសង្ស័យបានសារភាពថាកន្លងមកពួកខ្លួនធ្លាប់ធ្វើសកម្មភាព ឆក់យកទូរស័ព្ទពីជនជាតិចិនតាមដងផ្លូវ ចំនួន៦លើកមកហើយ ដោយក្នុងនោះសុទ្ធតែ ឆក់បានទូរស័ព្ទដៃទំនើប ទូរសព្ទ័ដៃម៉ាក IPhoneX ចំនួន៣គ្រឿង IPhone៦ ចំនួនមួយគ្រឿងទូរស័ព្ទដៃម៉ាកVIVO ពណ៌ខ្មៅ មួយគ្រឿង និងទូរស័ព្ទដៃម៉ាក HUWIE ពណ៌ ស មួយគ្រឿង ។
នៅពេលឃាត់ខ្លួនសមត្ថកិច្ចក៏បានដកហូតបានម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1HC-9877 ដែលជាមធ្យោបាយធ្វើសកម្មភាពឆក់មួយគ្រឿងទៀតផងដែរ៕
មតិយោបល់