ព័ត៌មានជាតិ

​ជាតិនេះបែបមិនរស់ទេ..! សមត្ថកិច្ចរកឃើញ​បង្អែមលត​ស្វិត និងបង្អែមបាញ់ឌុក មានផ្ទុក​សារធាតុគីមី!

​តាកែវៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨​ ក្រុមមន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តតាកែវ បានសហការជាមួយនិងមន្ទីរពាណិជ្ជកម្មខេត្ត និងកម្លាំងសមត្ថកិច្ច ធ្វើការចុះពិនិត្យគុណភាពទំនិញ បន្លែផ្លែឈើ និងមុខម្ហូបជាច្រើនមុខ ដែលដាក់លក់នៅតាមទីផ្សារក្រុងដូនកែវ។

ដោយក្នុងការចុះពិនិត្យនោះដែរ គឺមន្ត្រីជំនាញកាំកុងត្រូលបានរកឃើញបង្អែមពីរមុខ ជាប្រភេទបង្អែមលត ស្វិត និងបង្អែមបាញ់ឌុក មានផ្ទុកនៅសារធាតុគីមីបូរ៉ាក់ ។ ការចុះពិនិត្យនៅក្នុងថ្ងៃនេះ គឺមន្ត្រីជំនាញរបស់យើងបានធ្វើការពិនិត្យលើមុខម្ហូបជាច្រើនមុខ រួមជាមួយនិងបន្លែ ជាពិសេស សរសៃគុយទាវ និងប្រហិតប៉ាតេ តែជាលទ្ធផល ទៅលើការធ្វើតេសបឋម ទៅលើមុខម្ហូបដែលជាមុខសញ្ញាដែលធ្លាប់មានសារធាតុគីមីនោះគឺមន្ត្រីជំនាញរបស់យើងមិនមានរកឃើញនៅសារធាតុគីមីអ្វីឡើយ ដែលនេះឆ្លុះបញ្ចាំងអោយឃើញថា ពលរដ្ឋក៏ដូចជាអាជីវករលក់ដូរទាំងនោះបានយល់ដឹងច្រើនអំពីផលប៉ះពាល់ ដល់សុខភាពអ្នកបរិភោគ ចំពោះការដាក់លក់មុខម្ហូប បន្លែផ្លែឈើណាដែលជារបស់ធម្មជាតិពិត មិនមានសារធាតុគីមី ។

ចំពោះប្រភេទបង្អែមលតស្វិត និងបង្អែមបាញ់ឌុក ទៅវិញ មន្ត្រីជំនាញរបស់យើង បានធ្វើការដកហូតបានចំនួន ១០គីឡូ យកមកបំផ្លាញចោលផងដែរ មិនតែប៉ុណ្ណោះ ក្រុមមន្ត្រីជំនាញរបស់យើងក៏បានធ្វើការណែនាំដល់ម្ចាស់អាជីវករលក់ដូរ និងជាអ្នកផលិតបង្អែមប្រភេទនេះ អោយបញ្ឈប់ការលក់ នៅប្រភេទបង្អែម ២មុខខាងលើនេះតទៅទៀត ព្រោះវាបណ្តាលអោយប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគ ។

ក្រោយបញ្ចប់ការត្រួតពិនិត្យលើគ្រឿងឧបភោគបរិភោគនៅក្នុងផ្សារក្រុងដូនកែវនេះរួច ក្រុមមន្ត្រីជំនាញកាំកុងត្រូលខេត្ត ក៏បានបន្តចុះពិនិត្យ គុណភាពមុខទំនិញ និងកាលបរិច្ឆេទ ដែលដាក់លក់ដូរនៅតាមផ្ទះ និងនៅតាមដេប៉ូស្របៀរមួយចំនួននៅក្នុងខេត្តផងដែរ ៕

មតិយោបល់