កូរ៉េៈ តាមរូបភាពរបស់ផ្កាយរណប កាលពីសប្ដាហ៍មុន បានបង្ហាញថា កូរ៉េខាងជើង បានផ្អាកការរុះរើទីតាំងសាកល្បងមីស៊ីល នៅដើមខែសីហានេះ បើទោះបីជាមានការសន្យាមួយ ចំពោះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូល នាខែមិថុនាក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។
តាមរយៈគម្រោង 38 North បាននិយាយថា រូបភាពផ្កាយរណបពាណិជ្ជកម្ម នៃស្ថានីយ៍បាញ់បង្ហោះផ្កាយរណប Sohae ដែលបានធ្វើទ្បើង កាលពីថ្ងៃទី១៦ ខែសីហា បានបង្ហាញថា មិនមានសកម្មភាពរុះរើសំខាន់ៗទេ នៅទីតាំងសាកល្បងម៉ាស៊ីន ឬកន្លែងដំណើរការកម្មវិធីអាវុធរបស់កូរ៉េខាងជើង ចាប់តាំងពីថ្ងៃទី៣ ខែសីហាកន្លងមក។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បាននិយាយកាលពីខែមុនថា របាយការណ៍ដែលថាកូរ៉េខាងជើង បានចាប់ផ្តើមរុះរើកន្លែងនៅ Sohae គឺស្របជាមួយនឹងការប្តេជ្ញាចិត្តរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើនៅឯកិច្ចប្រជុំកំពូលមួយ ជាមួយលោក ត្រាំ នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនា។
ប្រភពដដែលបានបន្ថែមថា ការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងការទម្លាក់ចោលនូវការធ្វើតេស្តអាវុធ ត្រូវបានធ្វើឡើងចាប់ពីខែកក្កដា ដល់ដើមខែសីហា ប៉ុន្តែសមាសធាតុជាច្រើន ដែលទាក់ទងនឹងការផលិតអាវុធពីមុននោះ ពុំត្រូវបានធ្វើការបំផ្លាញចោលដូច ការប្តេជ្ញាចិត្តរបស់កូរ៉េខាងជើងនោះទេ។
ដោយមកទល់ពេលនេះ បានធ្វើឲ្យមានការសង្ស័យជាច្រើន អំពីឆន្ទៈរបស់ក្រុងព្យុងយ៉ាង ចំពោះការចូលរួម ជាមួយការទាមទាររបស់អាមេរិក ដើម្បីឲ្យរបបមួយនេះ បោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួន៕
មតិយោបល់